(ប៉េកាំង)៖ ប្រេសិតពិសេសរបស់ចិនប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានព្រមានប្រឆាំងនឹងផែនការររបស់អ៊ីស្រាអែល ក្នុងការបញ្ចូលទឹកដីប៉ាឡេស្ទីន ទៅក្នុងការកាន់កាប់របស់ខ្លួនបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។
លោក ចាង ជុន (zhang Jun) ដែលជាតំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថា ប្រទេសចិនពិតជាមានការព្រួយបារម្ភជាខ្លាំង អំពីផែនការរបស់អ៊ីស្រាអែល ក្នុងការបញ្ចូលទឹកដីប៉ាឡេស្ទីន យកទៅកាន់កាប់បន្ថែម ដែលនេះគឺជាទង្វើមួយដែលផ្ទុយពីច្បាប់អន្តរជាតិ ក៏ដូចជាដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខយូអិនផងដែរ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ តាមរយៈវីដីអូ Conference លោកចាង ជុន (zhang Jun) បានលើកឡើងយ៉ាងដូច្នេះថា «យើងជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ ចៀសវាងការចាត់វិធានការ ជាលក្ខណៈឯកតោភាគីបែបនេះ... ហើយគួរតែបញ្ឈប់រាល់សកម្មភាព តាំងទីលំនៅដ្ឋានដោយខុសច្បាប់ និងបញ្ឈប់ការវាយកម្ទេចផ្ទះប៉ាឡេស្ទីន ព្រមទាំងការបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិប៉ាឡេស្ទីនជាដើម»។
ជាមួយគ្នានេះដែរលោកក៏បានជំរុញឲ្យភាគីពាក់ព័ន្ធ បំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ ដើម្បីធានានូវការផ្តល់សេវាកម្មចំាបាច់ និងជំនួយមនុស្សធម៌ ទៅដល់ប្រជាជនដែលកំពុងត្រូវការផងដែរ។
គួរជម្រាបថា កាលពីដើមសប្តាហ៍នេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងគូប្រជែងដ៏ដំខាន់របស់លោក គឺលោក ប៊េននី ហ្គាន់ស៍ (Benny Gantz) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចម្រុះមួយដែលសម្រេចថា នឹងបញ្ចូលមួយផ្នែកនៃទឹកដី វែស ប៊ែង (West Bank) របស់ប៉ាឡេស្ទីនយកមកកាន់កាប់បន្ថែមទៀត រួមទាំងដាក់ឲ្យដំណើរការ គម្រោងសាងសងលំនៅដ្ឋាន សម្រាប់ជនជាតិអ៊ីស្រាអែលនៅទីនោះផងដែរ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែកក្កដា ខាងមុខនេះ។
ដោយឡែកសម្រាប់ភាគីប៉ាឡេស្ទីនវិញបានព្រមានថា នឹងលុបចោលការអនុវត្តរាល់កិច្ចព្រមព្រៀងទ្វេភាគីទាំងអស់ ប្រសិនបើផែនការរបស់អ៊ីស្រាអែលត្រូវបានអនុវត្ត៕