(ប៉េកាំង)៖ រដ្ឋបាលអវកាសចិនហៅកាត់ថា CNSA បានប្រកាសនៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០នេះថា បេសកកម្មរុករកភពព្រះអង្គារ ជាលើកដំបូងរបស់ប្រទេសចិន ត្រូវបានដាក់ឈ្មោះឲ្យថា ធានវិន ១ (Tianwen-1) ឬមានន័យសំដៅទៅលើការស្រាវជ្រាវទីអវកាសឆ្ងាយៗ ជាលើកដំបូងរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
សម្រាប់ឈ្មោះក៏ដូចជានិមិត្តសញ្ញានៃបេសកកម្មរុករក លើកដំបូងបំផុតរបស់ប្រទេសចិន នៅភពអង្គារ ត្រូវប្រកាសជាសាធារណៈក្នុង «ទិវាអវកាសរបស់ចិន» នៅថ្ងៃសុក្រ ទី២៤ ខែមេសា សប្តាហ៍នេះតែម្តង។ បើតាមផែនការកន្លងមក ចិនគ្រោងនឹងបញ្ជូនយានអវកាស ទៅកាន់ភពអង្គារជាលើកដំបូងនៅអំឡុងខែមិថុនា និងកក្កដា ឆ្នាំ២០២០ ខាងមុខនេះតែម្តង ដោយនឹងមានផ្កាយរណបសម្រាប់គោចរ, យានសម្រាប់ចុះចត និងរ៉ូបូតចល័តនៅលើ ភពក្រហមនោះក្នុងបេសកកម្មតែមួយ។
គួរជម្រាបថា ចាប់តាំងពីឆ្នាំ២០១៦ ចិនបានកំណត់យកថ្ងៃទី២៤ ខែមេសា ជាទិវាអវកាសសម្រាប់ប្រទេសខ្លួន ដើម្បីជាគម្រប់នៃការបាញ់ បង្ហោះផ្កាយរណបដំបូងរបស់ចិនគឺ តុងហ្វាងហុង (Dongfanghong) ឡើងទៅកាន់ទីអវកាស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៧០ ហើយនៅឆ្នាំនេះនឹងជាខួប ៥០ឆ្នាំនៃការចាប់ផ្តើមប្រឡូកចូល ក្នុងវិស័យអវកាសរបស់ប្រទេសចិន។
ដោយឡែកសម្រាប់ការជ្រើសយកពេលវេលាចន្លោះខែមិថុនា និងកក្កដា ឆ្នាំ២០២០ ជាពេលត្រូវបាញ់បង្ហោះយាននោះ ក៏ព្រោះតែវាជាពេលដែលភពអង្គារ គោចរមកកៀកភពផែនដីខ្លាំងបំផុត (ក្នុងគម្លាតជាង ៥០លានគីឡូម៉ែត្រ) ដែលមានតែម្តងប៉ុណ្ណោះនៅរៀងរាល់ ២៦ខែ។ សម្រាប់យានរុករកភពអង្គាររបស់អាមេរិក Perseverance ក៏គ្រោងនឹងបាញ់បង្ហោះ នៅអំឡុងពេលដូចគ្នានោះដែរ លើកលែងតែយាន ExoMars របស់អឺរ៉ុប និងរុស្ស៊ីដែលបានខកពេល ព្រោះមិនអាចបញ្ចប់ផែនការតាមកាលកំណត់បាន៕