(វ៉ាស៊ីនតោន)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទាត់ចោលសេចក្តីរាយការណ៍ ព័ត៌មានមួយចំនួនដែលថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងមានជំងឺជាទម្ងន់ ហើយលោកក៏បានធ្វើការរិះគន់ធ្ងន់ៗដល់ សារព័ត៌មានដ៏ល្បីល្បាញរបស់អាមេរិក CNN ផងដែរ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា សេចក្តីរាយការណ៍ទាំងនេះ គឺមិនត្រឹមត្រូវទេ... ឥឡូវនេះឲ្យខ្ញុំលើកឡើងរឿងមួយ នោះគឺខ្ញុំដឹងថា ពួកគេបានប្រើប្រាស់ឯកសារចាស់ៗប៉ុណ្ណោះ។ ដូច្នេះខ្ញុំគិតថា វាគឺជាសេចក្តីរាយការណ៍បោកប្រាស់ពីសំណាក់ CNN»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ មិនបានឆ្លើយតបចំពោះសំនួរថា តើលោកបានដឹករឿងរ៉ាវពិតប្រាកដ នៅពីក្រោយសេចក្តីរាយការណ៍ព័ត៌មាន អំពីស្ថានភាពសុខភាពរបស់លោក គីម ជុនអ៊ុន នោះឡើយ ប៉ុន្តែលោកហាក់យកសន្និសីទព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍នោះ ទៅធ្វើការរិះគន់ធ្ងន់ៗទៅលើ CNN ដែលលោកតែងចាត់ទុកកន្លងថា ជាសត្រូវនៃពលរដ្ឋអាមេរិក។

ប្រភពពីមន្រ្តីអាមេរិកម្នាក់បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងតាមដានលើព័ត៌មានសម្ងាត់ដែលថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងប្រឈមមុខគ្រោះថ្នាក់ធ្ងន់ធ្ងរ បន្ទាប់ពីការវះកាត់មួយ។

លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះត្រូវគេកត់សម្គាល់ឃើញថា បានខកខានបង្ហាញខ្លួនក្នុងឱកាសអបអរខួបកំណើត នៃបិតាស្ថាបនិកប្រទេសកូរ៉េខាងជើង លោក គីម អ៉ីលស៊ុង ដែលជាជីតារបស់លោក កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅនេះ ដែលជាហេតុបង្កឲ្យមានការដាក់ការសង្ស័យកាន់តែខ្លាំងឡើង ចំពោះសុខភាពរបស់លោក ព្រោះចាប់តាំងពីឡើងកាន់ អំណាចកាលពីចុងឆ្នាំ២០១១ មកគឺលោក គីម មិនដែលអវត្តមានម្តងណាឡើយក្នុងឱកាសដ៏សំខាន់បំផុតនេះ។

កាលពីដើមសប្តាហ៍នេះ យោងតាមសារព័ត៌មាន Daily NK មានមូលដ្ឋាននៅកូរ៉េខាងត្បូងបានចុះផ្សាយអត្ថបទមួយថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង កំពុងមានបញ្ហាសុខភាព ក្រោយពីបានទទួលការវះកាត់ ទាក់ទងនឹងប្រព័ន្ធបេះដូង ក៏ដូចជាសសៃឈាម កាលពីថ្ងៃទី១២ ខែមេសា ដោយសារតែការជក់បារីច្រើនពេក, ការធាត់លើសទម្ងន់ និងការធ្វើការងារហួសកម្លាំង៕