YouTube ហាមឃាត់ការបង្ហោះមាតិកា ពាក់ព័ន្ធនឹង COVID-19 ដែលផ្ទុយពីសេចក្តីណែនាំរបស់អង្គការ WHO (Video inside)
24-04-2020 00:25
(អាមេរិក)៖ គេហទំព័រវីដេអូ YouTube បានហាមឃាត់ រាល់ការបង្ហោះវីដេអូណា ដែលមានមាតិកាពាក់ព័ន្ធនឹងជំងឺ COVID-19 ហើយផ្ទុយពីការណែនាំ របស់អង្គការសុខភាពពិភពលោក (WHO) នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី២៣ ខែមេសានេះ។
ក្រុមហ៊ុន Google ដែលជាម្ចាស់គេហទំព័រនេះ បានលើកឡើងថា ខ្លួននឹងលុបចោលនូវវីដេអូណា ដែលខ្លួនយល់ឃើញថា «មិនមានភស្តុតាងខាងផ្នែកវេជ្ជសាស្រ្ត»។
នាយកប្រតិបត្តិ YouTube អ្នកស្រី Susan Wojcicki បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយវីដេអូខ្នាតយក្សមួយនេះ មានបំណងលុបបំបាត់ចោល នូវព័ត៌មានមិនពិត នៅលើគេហទំព័រនេះ។
ការបញ្ជាក់របស់អ្នកស្រីនាយកប្រតិបត្តិនេះ បានធ្វើឡើង នៅថ្ងៃពុធនៅអំឡុងពេលដែលអ្នកស្រី បានធ្វើកិច្ចសម្ភាសន៍ជាលើកដំបូង ចាប់តាំងពីមានការរាតត្បាតជាសកល នៃវីរ៉ុស COVID-19។ អ្នកស្រីបានបញ្ជាក់ ដោយលើកជាឧទាហរណ៍ថា ការបង្ហោះវីដេអូ ដែលពន្យល់ថា «អ្នកទទួលទានវីតាមីន C, ទទួលទានរមៀត វានឹងអាចព្យាបាលអ្នកពីជំងឺ COVID-19» នោះ វានឹងបំពានគោលការណ៍របស់យើង។
អ្នកស្រីបន្ថែមថា «គ្រប់យ៉ាងដែលប្រឆាំងនឹងការណែនាំ របស់អង្គការ WHO គឺបំពាននឹងគោលការណ៍របស់យើង»៕