(បាងកក)៖ ក្រុមហ៊ុនអាកាសចរណ៍ Thai Air Asia និងក្រុមហ៊ុន Thai Lion Air នឹងក្លាយជាក្រុមហ៊ុនដំបូងគេ នៅក្នុងប្រទេសថៃ ដែលនឹងចាប់ផ្តើម ប្រតិបត្តិការហោះហើរក្នុងស្រុកឡើងវិញ ចាប់ពីថ្ងៃទី១ ខែឧសភាខាងមុខ, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនាយប់ថ្ងៃទី២៣ ខែមេសានេះ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ជាមួយនឹងតំណាងក្រុមហ៊ុនអាកាសចរណ៍ ចំនួន២០ នាថ្ងៃព្រហស្បត្តិ៍នេះ, ប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ លោក Chula Sukmanop បានឲ្យដឹងថា ក្រុមហ៊ុន Thai AirAsia នឹងចាប់ផ្តើមសេវាកម្មក្នុងស្រុក នៅថ្ងៃទី១ ខែឧសភាខាងមុខ ខណៈក្រុមហ៊ុន Thai Lion Air នឹងនៅរង់ចាំមើលថាតើការដាក់ប្រទេសស្ថិតក្នុងភាពអាសន្ន នឹងត្រូវពន្យារពេលចាប់ពីថ្ងៃទី៣០ ខែមេសាទៀតឬយ៉ាងណា។
ជាវិធានការទប់ស្កាត់ជំងឺ COVID-19 វិញ, លោក Chula បានលើកឡើងថា «យើងតម្រូវឲ្យក្រុមហ៊ុនអាកាសចរណ៍ លក់សំបុត្រត្រឹម៧០ភាគរយ នៃសមត្ថភាពផ្ទុកអ្នកដំណើរ របស់យន្តហោះប៉ុណ្ណោះ ដើម្បីរក្សាគម្លាតអ្នកធ្វើដំណើរ។ ក្រុមហ៊ុនអាកាសចរណ៍ នឹងយកវិធានការនេះ នៅក្នុងការពិចារណា នៅពេលដែលចង់ដំណើរការសេវាកម្មឡើងវិញ»។
លោកបន្តថា អ្នកធ្វើដំណើរ តម្រូវឲ្យពាក់ម៉ាស់គ្រប់ពេល។ មិនមានអាហារ និងភេសជ្ជៈ នឹងត្រូវបម្រើ ឬលក់នៅលើយន្តហោះនោះទេ ហើយអាហារក៏មិនអនុញ្ញាត ឲ្យមានលើយន្តហោះដែរ ព្រោះម៉ាស់នឹងត្រូវដោះចេញ នៅពេលញុំាអាហារ។
លោក Chula ដោយឡែក ចំពោះជើងហោះហើរអន្តរជាតិវិញ, មិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ណាមួយ ស្នើសុំដើម្បីប្រតិបត្តិការឡើងវិញនោះទេ៕