(គូឡាឡាំពួ)៖ បទបញ្ជារឹតត្បិតការធ្វើដំណើរហៅកាត់ថា MCO របស់ម៉ាឡេស៊ី ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីសម្រេចឲ្យបន្តអនុវត្ត រហូតដល់ថ្ងៃទី១២ ខែឧសភា ខាងមុខ បើទោះបីជាស្ថានការណ៍ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ ហាក់លែងសូវធ្ងន់ធ្ងរ ខ្លាំងដូចមុនក៏ដោយក្តី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។

តាមរយៈការថ្លែងលើកញ្ចក់ទូរទស្សន៍នាឱកាស មុនការចាប់ផ្តើមនៃខែបួសរ៉ាម៉ាឌនរបស់សាសនាអ៉ីស្លាម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បាននិយាយដូច្នេះថា «ទោះតួលេខអ្នកឆ្លងមួយរយៈចុងក្រោយនេះ បង្ហាញឲ្យឃើញពីលទ្ធផលវិជ្ជមាន ក៏ដោយ ចំណាត់ការទប់ស្កាត់ដែលយើងបាននិងកំពុងអនុវត្ត គឺចាំបាច់ត្រូវតែបន្តទៅមុខទៀតរហូតដល់ពេលមួយ ដែលពួកយើង មានការជឿជាក់គ្រប់គ្រាន់ថា ជំងឺឆ្លង COVID-19 អាចស្ថិតក្រោមការគ្រប់គ្រងបានទាំងស្រុង»

កន្លងមក បទបញ្ជា MCO ដែលចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែមីនា ត្រូវបានពន្យារពេលបន្ថែម២លើករួចមកហើយ ដោយវាត្រូវបញ្ចប់នៅថ្ងៃទី២៨ ខែមេសា ចំថ្ងៃអង្គារសប្តាហ៍ក្រោយ ប៉ុន្តែឥឡូវដែលជាការពន្យារលើកទី៣ គឺត្រូវបន្ថែម១៤ថ្ងៃទៀត ធ្វើឲ្យវាមានរយៈពេលសរុប៥៦ថ្ងៃ។

គួរជម្រាបថា នៅក្រោមបទបញ្ជា MCO ការធ្វើដំណើរឆ្លងរដ្ឋ និងលក្ខណៈអន្តរជាតិគឺត្រូវបានហាមឃាត់។ ចំណែកសាលារៀន និងក្រុមហ៊ុន-អាជីវកម្ម ដែលចាត់ទុកថាមិនចាំបាច់ គឺត្រូវបិទទ្វារ ខណៈប្រជាជនត្រូវបានជំរុញឲ្យស្នាក់នៅក្នុងផ្ទះ កុំចល័តពីកន្លែង មួយទៅកន្លែងមួយ ប្រសិនបើគ្មានការសំខាន់ខ្លាំងទេនោះ។

ចាប់តាំងពីមានបទបញ្ជានេះ អត្រាអ្នកឆ្លង COVID-19 ក្នុងប្រទេសម៉ាឡេស៊ី ដែលពីដំបូងឡើយមានដល់រាប់រយ ករណី បានបន្តធ្លាក់ចុះមកនៅត្រឹមលេខពីរខ្ទង់វិញ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសម៉ាឡេស៊ី មាន៥,៦០៣នាក់ ក្នុងនោះស្លាប់៩៦នាក់ និងជាសះស្បើយ៣,៥៤២នាក់ ឬ៦៣ភាគរយ៕