(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) គ្រាន់តែជាអ្នកជំងឺម្នាក់ ដែលយើងបានប្រឹងប្រែងព្យាបាលឱ្យជាសះស្បើយឡើងវិញពី COVID-19 ដូចអ្នកជំងឺធម្មតាដទៃតែប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់គិលានុបដ្ឋាយិកាម្នាក់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។
អ្នកនាង ជែននី ម៉ាកជី (Jenny McGee) ជាគិលានុបដ្ឋាយការម្នាក់ដែលជួយសង្រ្គោះជីវិតលោក Johnson ធ្វើការកត់សម្គាល់ខាងលើ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Television New Zealand (TVNZ)។ អ្នកនាង McGee បានគូសបញ្ជាក់ដូច្នេះថា «ពួកយើងយកចិត្តទុកដាក់ជាទីបំផុត ចំពោះអ្នកជំងឺទាំងអស់នៅក្នុងបន្ទប់ សង្រ្គោះបន្ទាន់... លោក Johnson មិនបានទទួលការព្យាបាលពិសេសអ្វីឡើយ ដោយគ្រាន់តែលោកចាំបាច់ត្រូវស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។ យើងបានមើលថែ និងប្រឹងប្រែងព្យាបាលលោក ដូចអ្នកជំងឺដទៃៗទៀតតែប៉ុណ្ណោះ»។
គួរជម្រាបថា លោក Boris Johnson ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យថូម៉ាស់ (St Thomas' Hospital) ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី១២ ខែមេសា មួយសប្ដាហ៍បន្ទាប់ពីត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យ ក្រោយរោគសញ្ញា COVID-19 មានសភាពធ្ងរធ្ងរ។ ប៉ុន្តែរូបលោក Johnson ផ្ទាល់ និងរដ្ឋាភិបាលអង់គ្លេស កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ជុំវិញការដោះស្រាយវិបត្តិ COVID-19។ បើតាមគេហទំព័រ worldometers បច្ចុប្បន្នចក្រភពអង់គ្លេសមានអ្នកស្លាប់ដោយសារ COVID-19 សរុប ១៨,១០០នាក់ ក្នុងចំណោមអ្នកឆ្លងជាង ១៣៣,៤៩៥នាក់៕