(លីម៉ា)៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃប្រទេសប៉េរូបាននិយាយថា ប្រទេសរបស់ខ្លួននឹងធ្វើការដោះលែងអ្នកទោសប្រមាណ ៣,០០០នាក់ ដើម្បីបញ្ជៀសការឆ្លងរាលដាលជំងឺ COVID-19 នៅក្នុងពន្ធនាគារ ដែលមានសភាពណែនតាន់តាប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។
រហូតមកទល់នឹងពេលនេះ នៅក្នុងប្រទេសប៉េរូមានអ្នកទោសយ៉ាងហោចណាស់ចំនួន ០៧នាក់ហើយ ដែលបានស្លាប់ដោយសារជំងឺ COVID-19 ខណៈជាង ៤០នាក់ ផ្សេងទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ នៅក្នុងពន្ធនាគារដ៏ចង្អៀត។ ជាមួយគ្នានេះក៏មានអ្នកយាមពន្ធនាគារចំនួន ២៦នាក់បានឆ្លងជំងឺនេះផងដែរ។
ជុំវិញបញ្ហាខាងលើនេះ លោក ហ្វឺណាន់ដូ កាស្តាណេដា (Fernando Castaneda) ដែលជាដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប៉េរូ បានថ្លែងយ៉ាងដូច្នេះថា «យើងនឹងលើកលែងទោស ដល់អ្នកជាប់ឃុំប្រមាណ ៣,០០០នាក់ ដែលកំពុងប្រឈមហានិភ័យខ្ពស់ ទៅនឹងការឆ្លងរីករាលដាលជំងឺ COVID-19»។
លោករដ្ឋមន្ត្រីយុត្តិធម៌បានគូសបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកទោស ដែលនឹងទទួលបានអត្ថប្រយោជន៍ពីការសម្រេចចិត្តនោះ គឺមានដូចជាស្ត្រីមានផ្ទៃពោះ, អ្នកទោសដែលមានកូនអាយុក្រោម ០៣ឆ្នាំ ក៏ដូចជាអ្នកដែលមានស្ថានទំងន់ទោសជាប់ពន្ធនាគារតិចជាង ០៤ឆ្នាំ និងអ្នកទោសដែលមានអាយុលើសពី ៧០ឆ្នាំ ដែលមិនបានប្រព្រឹត្តិបទឧក្រិដ្ឋធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ប្រទេសប៉េរូដែលស្ថិតនៅតំបន់អាមេរិកឡាទីន បានកត់ត្រាចំនួនអ្នកឆ្លងសរុបនៃជំងឺ COVID-19 ចំនួន ១៩,២៥០ករណី ដោយក្នុងនោះអ្នកជំងឺចំនួន ៥៣០នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៧,០២៧នាក់ទៀតបានជាសះស្បើយឡើងវិញ៕