(ហាណូយ)៖ ព័ត៌មានដែលអះអាងថា ក្រុម hackers មានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលវៀតណាម បានព្យាយាមវាយប្រហារព័ត៌មានវិទ្យា ឬ Hack ចូលស្ថាប័នរដ្ឋនានារបស់ចិន ដើម្បីប្រមូលព័ត៌មាន COVID-19 គឺជារឿងមិនពិត និងគ្មានមូលដ្ឋាននោះឡើយ។ នេះបើតាមក្រសួងការបរទេសវៀតណាម ដកស្រង់ចេញ និងផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។
កាលីថ្ងៃពុធម្សិលមិញ ក្រុមហ៊ុនសន្តិសុខព័ត៌មានវិទ្យាអាមេរិក ហ្វៃអឺអាយ FireEye បានរាយការណ៍ថា ក្រុម hackers មានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលវៀតណាម បានព្យាយាម Hack យកទិន្នន័យគណនីឯកជន និងផ្លូវការនៃបុគ្គលិក នៅឯក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ចិន និងរដ្ឋាភិបាលនៃទីក្រុងវូហាន (Wuhan) ដែលជាចំណុចកណ្ដាលនៃការផ្ទុះឡើងដំបូងនៃ COVID-19 ។
យ៉ាងនេះក្ដី ជាការឆ្លើយតបនឹងសេចក្ដីរាយការណ៍ខាងលើ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក ង៉ូ ទួនថាង (Ngo Toan Thang) បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានា នៅថ្ងៃព្រហស្បតិ៍នេះយ៉ាងដូច្នេះថា «វាជាការចោទប្រកាន់គ្មានមូលដ្ឋាន... វៀតណាមថ្កោលទោស ចំពោះរាល់ការវាយប្រហារព័ត៌មានវិទ្យា ហើយអ្នកប្រព្រឹត្តត្រូវតែទទួលទោសតាមច្បាប់»។ លោកបន្ថមថា វៀតណាមនៅតែរក្សាជានិច្ចនូវកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយប្រហារព័ត៌មានវិទ្យា៕