(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាសអាមេរិក SpaceX ទើបតែបានបាញ់បង្ហោះក្រុមផ្កាយរណបអ៉ីនធើណែត Starlink មួយចង្កោមថ្មី ទៀតឡើងទៅកាន់ទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។
កាលពីវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅតំបន់ភាគខាងកើតអាមេរិក) ក្រុមផ្កាយរណប Starlink ចំនួន ៦០គ្រឿងដែលជាចង្កោមទី០៧ ត្រូវបាននាំយកឡើងទៅទីអវកាស តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 ចេញពីមជ្ឈមណ្ឌលអវកាស Kennedy ដែលស្ថិតក្នុងរដ្ឋផ្លូរីដា។ ក្រុមហ៊ុន SpaceX បានបញ្ជាក់ថា បេសកកម្មនេះបានប្រព្រឹត្តទៅដោយជោគជ័យ។
គួរជម្រាបថា គម្រោងផ្កាយរណប Starlink នេះ គឺមានគោលដៅផ្តល់សេវាអ៉ីនធើណែតល្បឿនលឿនដល់ តំបន់នានាដែលទទួល សេវាមិនបានល្អ ឬសេវាមានតម្លៃថ្លៃ ឬមួយក៏មិនមានសេវាអ៉ីនធើណែតដល់តែម្តង។ ក្រុមហ៊ុន SpaceX គ្រោងដំណើរការសេវា អ៉ីនធើណែតរបស់ខ្លួន នៅតំបន់ភាគខាងជើងអាមេរិក និងកាណាដា ក្នុងឆ្នាំនេះ ហើយការដំណើរការជុំវិញពិភពលោក ត្រូវបាន គ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២១។
បើតាមផែនការនាពេលកន្លងមក SpaceX នឹងដាក់ពង្រាយផ្កាយរណប Starlink សរុបឲ្យបានចំនួន១២,០០០គ្រឿងក្នុងទីអវកាស នៅឆ្នាំ២០២៤ ហើយនឹងបន្ថែម៣០,០០០គ្រឿងទៀត ដើម្បីឲ្យចំនួនផ្កាយរណបសរុបឡើងដល់៤២,០០០គ្រឿង។ សម្រាប់ក្នុងឆ្នាំ២០២០នេះ ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះក្រុមផ្កាយរណប Starlink សរុប០៣ចង្កោមឡើងទៅអវកាស៕