(ម៉ាឌ្រីដ)៖ ឪពុកម្ដាយ នៅក្នុងប្រទេសអេស្ប៉ាញ បានបង្ហាញការពេញចិត្ត និងស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់អាជ្ញាធរ ដែលនឹងអនុញ្ញាតឱ្យក្មេងៗ អាចដើរ ចេញក្រៅផ្ទះស្រូបខ្យល់អាកាស ក្នុងរយៈពេលខ្លី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។
រដ្ឋាភិបាលអេស្ប៉ាញ បានដាក់ចេញវិធានការរឹតត្បិតយ៉ាងតឹងរឹងជាទីបំផុតប្រឆាំងនឹង COVID-19 ក្នុងនោះរួមមានទាំងហាមឃាត់កុមារចេញក្រៅផ្ទះរបស់ពួកគេ ដ៏ចម្រូងចម្រាស ចាប់តាំងពីពាក់កណ្ដាលខែមីនា មក។ ប៉ុន្តែ កាលពីយប់ថ្ងៃអង្គារ រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ បានសម្រេចចិត្តបន្ធូរបន្ថយវិធានការរឹតត្បិតខ្លះ ដោយ អនុញ្ញាតឱ្យកុមារមានអាយុក្រោម១៤ឆ្នាំ អាចចេញក្រៅផ្ទះស្រូបខ្យល់អាកាសក្នុងរយៈពេលខ្លី ក្រោមការមើលថែទំាពីអាណាព្យាបាល ចាប់ពីចុងសប្ដាហ៍នេះតទៅ។
ការសម្រេចចិត្តបែបនេះ ធ្វើឡើងនៅចំពេល អេស្ប៉ាញ រួមទាំងបណ្ដាប្រទេសអឺរ៉ុបមួយចំនួន បង្ហើបពីផែនការបន្ធូរបន្ថយវិធានការបិទប្រទេស ដោយមើលឃើញថា ស្ថានការណ៍ COVID-19 មានភាពធូរស្រាល។ តែ អង្គការសុខភាពពិភពលោក ព្រមានថាការបន្ធូរបន្ថយវិធានការប្រឆាំងជំងឺរាតត្បាតសកលនេះ លឿនរហ័សពេក អាចនឹងបណ្ដាលឱ្យ ស្ថានការណ៍អាក្រក់ជាងមុន និងមនុស្សអាចស្លាប់កាន់តែច្រើន។
គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃពុធម្សិលមិញ អេស្ប៉ាញ មានអ្នកឆ្លង COVID-19 ២០៨,៣៨៩នាក់ ក្នុងនោះស្លាប់ ២១,៧១៧នាក់ និងជាសះស្បើយ ៨៥,៩១៥នាក់៕