(វ៉ាស៊ីនតោន)៖ មន្ត្រីផ្នែកសុខាភិបាលម្នាក់របស់រដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិកបានអះអាងថា ជំងឺ COVID-19 បានចូលមកដល់ទឹកដីរដ្ឋកាលីហ្វ័រញ៉ា តាំងពីខែមករាមកម្ល៉េះ ពោលគឺប៉ុន្មានសប្តាហ៍ មុនសេចក្តីប្រកាសផ្លូវការចេញទៅទៀត ខណៈករណីស្លាប់ដំបូងនៃជំងឺនេះ ទំនងត្រូវបានគេយល់ច្រឡំថា ជាជំងឺផ្តាសាយធំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។
ករណីស្លាប់ដំបូងបំផុតបណ្តាលមកពីជំងឺ COVID-19 នៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានគេគិតថា បានកើតឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅនេះ នៅក្នុងរដ្ឋវ៉ាស៊ីនតោន។ ករណីស្លាប់នេះ គឺជាបុរសម្នាក់វ័យខ្ទង់ ៣០ឆ្នាំ ដែលបានវិលត្រឡប់មកពីទីក្រុងវូហាន ប្រទេសចិន។
ប៉ុន្តែបើយោងតាមលោកស្រីវេជ្ជបណ្ឌិត សារ៉ា កូឌី ( Sara Cody) ដែលមន្ត្រីសុខាភិបាលមា្នក់នៅសង្កាត់ សាន់តា ក្លារ៉ា (Santa Clara) នៃរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា ស្ត្រីវ័យ ៥៧ ឆ្នាំម្នាក់ដែលបានស្លាប់កាលពីថ្ងៃទី ០៦ ខែកម្ភៈកន្លងទៅនេះ ទើបជាករណីស្លាប់ដំបូងបង្អស់ដោយសារជំងឺ COVID-19 ពិតប្រាកដមែន។
ករណីស្លាប់របស់ស្ត្រីម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ានេះ និងពីរករណីផ្សេងទៀត ត្រូវបានបញ្ជាក់ឡើងវិញ ដោយមជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រង់ និងបង្ការជំងឺ (CDC) ថាពិតជាបានស្លាប់ដោយសារជំងឺ COVID-19 ពិតប្រាកដមែន បន្ទាប់ពីបានយកគំរូជាលិកា មកធ្វើតេស្តមើលម្តងទៀត។
ទាក់ទិននឹងរឿងនេះលោកស្រី Sara Cody បានលើកឡើងយ៉ាងដូច្នេះថា «អ្វីដែលករណីស្លាប់នេះប្រាប់យើង នោះគឺយើងមានការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅក្នុងសហគមន៍ មុនអ្វីដែលយើងបានដឹងទៅទៀត... ពីព្រោះថានៅរដូវនោះ ជាធម្មតាក៏ជារដូវដែលមានករណីផ្តាសាយធំ ដ៏អាក្រក់មួយស្រាប់ទៅហើយ។ ដូច្នេះមានករណីជាច្រើនធ្វើឲ្យយើងយល់ច្រឡំថា ជាជំងឺផ្តាសាយធំ»៕