Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាម នឹងលុបចោលការដាក់កំហិត លើការធ្វើដំណើររបស់ពលរដ្ឋ នៅទូទាំងប្រទេស (Video inside)

22-04-2020 23:44

(ហាណូយ)៖ ប្រទេសវៀតណាម ដែលរាយការណ៍ថា មានករណីឆ្លងវីរ៉ុស COVID-19 ក្រោម៣០០ករណី និងមិនមានអ្នកស្លាប់ ចាប់តាំងពីការឆ្លងដំបូង ដែលរកឃើញនៅខែមករានោះ បានលើកឡើងនៅថ្ងៃពុធនេះថា ខ្លួននឹងចាប់ផ្តើមដកចេញវិញ នូវការដាក់កំហិត លើការបំលាស់ទីរបស់ប្រជាពលរដ្ឋ, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនាយប់ថ្ងៃទី២២ ខែមេសានេះ។

លោក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ថា មិនមានខេត្តណាមួយ នៅក្នុងប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា មានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនោះទេ ខណៈអាជីវកម្មមិនចាំបាច់មួយចំនួន នឹងនៅរក្សាបិទដដែល។

វៀតណាម បានរាយការណ៍ថា មិនមានរកឃើញករណីឆ្លងថ្មី នៃវីរ៉ុស COVID-19 រយៈពេលជិត១សប្តាហ៍ហើយ។

ប្រទេសវៀតណាម ដែលក្នុងឆ្នាំ២០០៣ គឺជាប្រទេសទីមួយ នៅក្រៅប្រទេសចិន ដែលរងការរាតត្បាត ពីជំងឺ Sars នោះ គឺជាប្រទេសដែលបានធ្វើតេស្ត រកវីរ៉ុស COVID-19 មានចំនួនច្រើនបំផុត នៅក្នុងពិភពលោក។

យោងតាមទិន្នន័យ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃពុធនេះ បានឲ្យដឹងថា វៀតណាម បានធ្វើតេស្តរកវីរ៉ុស លើមនុស្ស១៨០,០៦៧នាក់ និងបានរកឃើញករណីឆ្លងវីរ៉ុស ចំនួន២៦៨នាក់ ហើយមកដល់ពេលនេះ ៨៣ភាគរយនៃអ្នកឆ្លង បានជាសះស្បើយ និងមិនមានអ្នកស្លាប់នោះទេ៕