(គូឡាឡាំពួរ)៖ នាថ្ងៃពុធនេះក្រសួងសុខាភិបាលម៉ាឡេស៊ីបានប្រកាសថា អ្នកឆ្លង COVID-19 ចំនួន ៥០នាក់ថ្មីត្រូវបានរកឃើញ ដោយវាជាចំនួនទាបជាង តួលេខអ្នកដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយគឺ ១០៣នាក់ ដល់ទៅពាក់កណ្តាលឯណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។
យ៉ាងណាមិញ យោងតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី អ្នកជំងឺម្នាក់ទៀតក៏ទើបតែបានបាត់បង់ជីវិតផងដែរ។ សរុបមកចំនួនអ្នកឆ្លងនៅ ទូទាំងប្រទេសម៉ាឡេស៊ីបានកើនដល់ ៥,៥៣២នាក់ ក្នុងនោះជាសះស្បើយ ៣,៤៥២នាក់ ឬស្មើនឹង ៦២.៤ភាគរយនៃករណីឆ្លងសរុប និងអ្នកជំងឺសរុប ៩៣នាក់បានស្លាប់។ ក្នុងចំណោមអ្នកជំងឺទាំង ១,៩៨៧នាក់ ដែលកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ មាន ៤៣នាក់កំពុងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ ហើយក្នុងចំណោមនោះទៀតសោត មាន ២៥នាក់កំពុងប្រើប្រាស់ម៉ាស៊ីនជួយការដកដង្ហើម។
គួរជម្រាបថា ទោះជាអត្រាឆ្លងប្រចាំថ្ងៃមានការធ្លាក់ចុះទាប ធៀបនឹងសប្តាហ៍មុនៗក៏ដោយ ប្រជាជនម៉ាឡេស៊ីទាំងអស់ នៅតែត្រូវបានទទូចឲ្យបន្តស្នាក់នៅក្នុងផ្ទះ ដោយគោរពតាមបទបញ្ជាស្តីពីការរឹតត្បិតលើការធ្វើដំណើរ ជាពិសេសក្នុងឱកាសនៃខែរ៉ាម៉ាឌនប្រពៃណីអ៉ីស្លាម ដែលនឹងឈានចូលមកដល់ឆាប់ៗនេះហើយ៕