(អាមេរិក)៖ ថ្ងៃពុធ ទី២២ ខែមេសានេះត្រូវជា «ទិវាភពផែនដី» ប៉ុន្តែដោយសារឥឡូវមនុស្សភាគច្រើនពុំអាចចេញពីផ្ទះ ដើម្បីជួបជុំគ្នាអបអរទិវានេះបាន ព្រោះតែការឆ្លងរាតត្បាតនៃជំងឺ COVID-19 ការអបអរសាទរខួប ៥០ឆ្នាំនៃទិវាភពផែនដី ត្រូវប្រព្រឹត្តទៅតាមប្រព័ន្ធអ៉ីនធើណែតវិញ ក្នុងទម្រង់ជាសកម្មភាពអនឡាញផ្សេងៗ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសារព័ត៌មាន Space នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។
នៅសហរដ្ឋអាមេរិក ទីភ្នាក់ងារអវកាស NASA និងសារមន្ទីរប្រវត្តិសាស្ត្រតធម្មជាតិអាមេរិក AMNH នៅឯទីក្រុងញូយ៉ក រួមជាមួយអង្គការជាច្រើនផ្សេងទៀត បានសម្រេចរៀបចំជាព្រឹត្តិការណ៍ផ្សេងៗ តាមអនឡាញ ដើម្បីផ្តល់ចំណេះដឹងអំពីភពរបស់យើង រួមជាមួយការអប់រំឲ្យចេះស្រឡាញ់ ការពារភពផែនដី ជាពិសេសក្នុងចំណោមយុវវ័យជំនាន់ក្រោយ។
«ទិវាភពផែនដី» បានកើតឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៧០ នៅពេលពលរដ្ឋអាមេរិកប្រមាណ ២០លាននាក់ នាំគ្នាធ្វើបាតុកម្មនៅតាម ទីក្រុងធំទូទាំងសហរដ្ឋអាមេរិក ប្រឆាំងនឹងការមិនខ្វាយខ្វល់ចំពោះបរិស្ថានភពផែនដី ហើយទាមទារឲ្យមានផ្លូវឆ្ពោះទៅមុខថ្មី សម្រាប់ភពរបស់យើង។ ជាលទ្ធផលនៃសកម្មភាពនាពេលនោះ សហរដ្ឋអាមេរិកបានអនុម័តច្បាប់ជាច្រើន ដែលសំដៅគាំពារបរិស្ថាន រួមនិងទីភ្នាក់ងារការពារបរិស្ថាន EPA។ ក្រោយមក ប្រទេសជាច្រើនផ្សេងទៀត ក៏បានចេញច្បាប់ស្រដៀងគ្នាជាបន្តបន្ទាប់៕