Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនត្រៀមប្រកាសឈ្មោះយាន ដែលនឹងត្រូវហោះទៅភពអង្គារ នៅក្នុងទិវាអវកាសជាតិរបស់ខ្លួន

22-04-2020 16:22

(ប៉េកាំង)៖ ទីភ្នាក់ងារទទួលបន្ទុកវិស័យអវកាសនៃប្រទេសចិន CNSA បានឲ្យដឹងថា បេសកកម្មលើកដំបូងរបស់ចិនឆ្ពោះទៅកាន់ភពអង្គារ (Mars) នឹងត្រូវប្រកាសក្នុងសប្តាហ៍នេះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។

យោងតាមទីភ្នាក់ងារ CNSA ឈ្មោះក៏ដូចជានិមិត្តសញ្ញា នៃបេសកកម្មរុករកលើកដំបូងបំផុតរបស់ប្រទេសចិន នៅភពអង្គារ នឹងត្រូវប្រកាសជាសាធារណៈក្នុង «ទិវាអវកាសរបស់ចិន» គឺត្រូវចំថ្ងៃសុក្រ ទី២៤ ខែមេសា សប្តាហ៍នេះឯង។ បើតាមផែនការកន្លងមក ចិនគ្រោងនឹងបញ្ជូនយានអវកាស ទៅកាន់ភពអង្គារជាលើកដំបូងនៅក្នុងឆ្នាំ២០២០ នេះតែម្តង ដោយនឹងមានផ្កាយរណបសម្រាប់គោចរ យានសម្រាប់ចុះចត និងរ៉ូបូតចល័តនៅលើ ភពក្រហមនោះក្នុងបេសកកម្មតែមួយ។

គួរជម្រាបថា ចាប់តាំងពីឆ្នាំ២០១៦ ចិនបានកំណត់យកថ្ងៃទី២៤ ខែមេសា ជាទិវាអវកាសសម្រាប់ប្រទេសខ្លួន ដើម្បីជាគម្រប់នៃការបាញ់ បង្ហោះផ្កាយរណបដំបូងរបស់ចិនគឺ តុងហ្វាងហុង (Dongfanghong) ឡើងទៅកាន់ទីអវកាស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៧០ ហើយនៅឆ្នាំនេះនឹងជាខួប ៥០ឆ្នាំនៃការចាប់ផ្តើមប្រឡូកចូល ក្នុងវិស័យអវកាសរបស់ប្រទេសចិន៕