(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានអះអាងថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបយោធាមួយចូលទៅកាន់គន្លងតារាវិថី ប្រកបដោយជោគជ័យ កាលពីថ្ងៃអង្គារ បន្ទាប់ពីបរាជ័យក្នុងការបាញ់បង្ហោះបែបនេះជាច្រើនលើក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។
នៅលើគេហទំព័រផ្លូវការរបស់ខ្លួន កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នៅថ្ងៃពុធនេះ បានបញ្ជាក់ថា ផ្កាយរណបយោធាខាងលើមានឈ្មោះ នួរ (Noor) ឬពន្លឺ ត្រូវបានបាញ់បង្ហោះប្រកបដោយជោគជ័យ ដោយវាអាចចូលទៅកាន់គន្លងតារាវិថី ៤២៥គីឡូម៉ែត្រ ពីលើផ្ទៃផែនដី ហើយនេះគឺជាផ្កាយរណបយោធា ដំបូងគេបំផុតដែលត្រូវបានបង្ហោះដោយទីក្រុងតេហេរ៉ង់។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក ដែលធ្លាប់ចោទប្រកាន់ជារឿយៗថា ការបាញ់បង្ហោះផ្កាយរណបរបស់អ៉ីរ៉ង់ មានជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍមីស៊ីល អន្តរទ្វីប មិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយទេ ទៅនឹងការអះអាងពីកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់។ ក៏ប៉ុន្តែ ការបាញ់បង្ហោះផ្កាយរណបនេះ ធ្វើឡើងតែ ប៉ុន្មានថ្ងៃ ប៉ុណ្ណោះបន្ទាប់ពីទីក្រុងតេហេរ៉ង់ ស្នើសុំខ្ចីប្រាក់ ៥០លានដុល្លារពីធនាគារពិភពលោក ដើម្បីយកទៅប្រយុទ្ធប្រឆាំងជំងឺ COVID-19 ដែលបានផ្ដាច់ជីវិត ប្រជាជនអ៉ីរ៉ង់ ច្រើនជាង ៥,០០០នាក់ហើយ៕