(បាងកក)៖ សណ្ឋាគារនានានៅក្នុងប្រទេសថៃ កំពុងអន្ទះសាក្នុងការរង់ចាំស្វាគមន៍ ភ្ញៀវទេសចរចិនជាថ្មីឡើងវិញ បន្ទាប់ពីការស្ទង់មតិមួយ ដែលធ្វើឡើងនាពេលថ្មីៗនេះបង្ហាញឲ្យឃើញថា ប្រជាជនចិនភាគច្រើនត្រៀមខ្លួនរួចជាស្រេច ដើម្បីមកធ្វើដំណើរកម្សាន្ត នៅក្នុងប្រទេសអាស៊ានមួយនេះដូចដើមវិញ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Bangkok Post នារសៀលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។
ការស្ទាបស្ទង់មតិមួយស្តីពី «ទស្សនៈលើការធ្វើដំណើរកម្សាន្តចិន-ថៃឆ្នាំ២០២០» ដែលត្រូវបានធ្វើឡើងកាលពីពាក់កណ្តាលខែមេសានេះ ដោយក្រុមហ៊ុន C9 Hotelworks និង Delivering Asia Communications (DAC) បង្ហាញថា ៥៣ភាគរយនៃភ្ញៀវទេសចរចិនចង់ចេញដើរ កម្សាន្តកុះករឡើងវិញនៅក្រៅប្រទេសក្នុងឆ្នាំនេះ ជាពិសេសនៅខែសីហា, តុលា និងខែធ្នូ ឆ្នាំ២០២០ តែម្តង។
ក្នុងនោះអត្រានៃអ្នកចង់ធ្វើដំណើរកម្សាន្តមកកាន់ប្រទេសថៃមាន ៧១ភាគរយ ដោយរាជធានីបាងកក ទីក្រុងភូកេត និងទីក្រុងឈៀងម៉ៃ ជាគោលដៅកំពូលទាំង ០៣ ហើយបន្ទាប់មកគឺកោះសាមុយ និងទីក្រុងប៉ាតាយ៉ា។
គួរបញ្ជាក់ថា បើតាមប្រធានចាត់ការទូទៅរបស់ក្រុមហ៊ុន C9 Hotelworks កាលពីឆ្នាំ២០១៩ ភ្ញៀវទេសចរចិនសរុបជិត ១១លាននាក់បានមកទស្សនាប្រទេសថៃ គឺស្មើនឹងជាងមួយភាគបួននៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប ៣៩.៨លាននាក់ ដែលបានមកធ្វើដំណើរកម្សាន្តនៅថៃ។ ប៉ុន្តែឧស្សាហកម្មទេសចរណ៍របស់ថៃ បានធ្លាក់ចុះចាប់តាំងតែពីវិបត្តិជំងឺ COVID-19 បានផ្ទុះឡើងខ្លាំងដំបូងនៅក្នុងប្រទេសចិន កាលពីដើមឆ្នាំនេះ ខណៈឥឡូវស្ថានការណ៍នៅក្នុងប្រទេសចិន បានធូរស្បើយឡើងវិញច្រើនហើយ៕