(ហ្សឺណែវ)៖ ភស្ដុតាងដែលមានស្រាប់ទាំងអស់អាចឲ្យយើងសន្មត់ថា វីរុសកូរ៉ូណាថ្មី (SARS-CoV-2) ដែលបង្កជាជំងឺរលាកសួតធ្ងន់ធ្ងរ COVID-19 គឺមានប្រភពមកពីសត្វ ពោលគឺមិនមែនផលិតចេញពី មន្ទីរពិសោធន៍នោះទេ។ នេះបើតាមប្រភពពីអង្គការ WHO ដកស្រង់ និងចេញផ្សាយដោយ សារព័ត៌មាន ABC នៅព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។
នៅចំពោះមុខអ្នកសារព័ត៌មាន ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) លោកស្រី ហ្វាឌែឡា ខេប (Fadela Chaib) បានលើកឡើងដូច្នេះថា «ភស្ដុតាងដែលមានស្រាប់ទាំងអស់បានសន្មត់ថា វីរុសកូរ៉ូណាថ្មី (SARS-CoV-2) ដែលបង្កជាជំងឺរលាកសួត COVID-19 មិនមែនផលិតចេញពី មន្ទីរពិសោធន៍នោះទេ... តែវាមានប្រភពមកពីសត្វ»។ លោកស្រី Chaib មិនបានបញ្ជាក់លម្អិតថា តើវីរុសនេះពីសត្វទៅមនុស្សដោយរបៀបណានោះទេ ដោយគ្រាន់តែឱ្យដឹងថា ការសិក្សាពីចម្លងវីរុសកូរ៉ូណាប្រភេទថ្មី ពីសត្វប្រចៀវទៅកាន់មនុស្ស កំពុងបន្តធ្វើឡើងនៅឡើយ»។
គួរបញ្ជាក់ថា ការអះអាងរបស់អង្គការ WHO ធ្វើឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសផ្ដាច់ជំនួយដល់ស្ថាប័នអន្តរជាតិនេះ និងបាននិយាយថា រដ្ឋបាលរបស់លោកកំពុងព្យាយាមស៊ើបអង្កេតរកការពិត ថាតើ COVID-19 មានប្រភពមកពីមន្ទីរពិសោធន៍ក្នុងទីក្រុងវូហាន ប្រទេសចិន ជាទីដែលជំងឺរាតត្បាតសកលនេះផ្ទុះឡើងដំបូងកាលពីខែធ្នូ ឆ្នាំ២០១៩ ឬដែរក៏យ៉ាងណា។ ការចោទប្រកាន់គ្នាទៅវិញទៅមករវាងចិន និងអាមេរិក បានកើតមានឡើងជារឿយៗ តាំងតែពីជំងឺនេះផ្ទុះឡើងដំបូងៗមកម្ល៉េះ៕