Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សស្លាប់កើនដល់ ២២នាក់ ក្រោយផ្ទុះករណីបាញ់ប្រហារដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រកាណាដា! (Video inside)

22-04-2020 09:56

(អូតតាវ៉ា)៖ ចំនួនអ្នកស្លាប់នៅក្នុងការបាញ់ប្រហារដ៏អាក្រក់មួយ នៅឯខេត្ត ណូវ៉ាស្កូត្យា (Nova Scotia) ប្រទេសកាណាដា បានកើនដល់ ២២នាក់ហើយ។ នេះបើតាមប្រភពពីប៉ូលិសជាតិកាណាដា ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។

ស្ថាប័នប៉ូលិសជាតិកាណាដា ប្រចាំខេត្ត Nova Scotia បានឱ្យដឹងថា ជនរងគ្រោះ ០៤បន្ថែមទៀតបានស្លាប់ ដោយសារបានរងរបួសធ្ងន់ធ្ងរពេក ធ្វើឱ្យអ្នកស្លាប់កើនដល់ ២២នាក់ ក្នុងនោះមិនបូកបញ្ចូលខ្មាន់កាំភ្លើង ដែលត្រូវបានប៉ូលិសបាញ់សម្លាប់នោះទេ។ ការបាញ់ប្រហារនេះបានផ្ដាច់ជីវិតមនុស្សច្រើនបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រកាណាដា។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ អំពីមូលហេតុបណ្ដាលឱ្យមានសោកនាដកម្មនេះទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។

បើតាមប៉ូលិសជាតិកាណាដា ខ្មាន់កាំភ្លើងមានឈ្មោះថា ហ្គាប្រ៊ីអ៊ែល វ៉ត់មែន (Gabriel Wortman) អាយុ ៥១ឆ្នាំ ត្រូវបានបាញ់សម្លាប់ កាលពីរសៀលថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ ក្រោយប៉ូលិសតាមស្ទាក់ចាប់បាន នៅស្ថានីយហ្គាសមួយកន្លែង។ ខ្មាន់កាំភ្លើងរូបនេះ បានស្លៀកឯកសណ្ឋានជាប៉ូលិស និងបើកបររថយន្ដមួយគ្រឿងដូចគ្នានឹងរថយន្ដប៉ូលិស ដើម្បីប្រព្រឹត្តការបាញ់ប្រហាររបស់ខ្លួន។

ប៉ូលិសបានតាមរកខ្មាន់កាំភ្លើងរូបនេះ អស់រយៈពេល ១២ម៉ោង ចាប់ពីថ្ងៃយប់ថ្ងៃសៅរ៍ រហូតដល់ព្រឹកថ្ងៃអាទិត្យ ដោយរូបគេបានបើករថយន្ដគេចខ្លួនបានចំងាយ ១៥០គីឡូម៉ែត្រ តាមផ្លូវលំ និងផ្លូវហាយវ៉េ។ ម្យ៉ាងវិញទៀត ក្រោយផ្ទះករណីបាញ់ប្រហារនេះ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ក៏បានលើកឡើងពីភាពចាំបាច់ នៃការរឹតបន្តឹងច្បាប់គ្រប់គ្រងអាវុធនៅក្នុងប្រទេសផងដែរ៕