(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានគូសបញ្ជាក់ម្តងទៀត អំពីកិច្ចសហប្រតិបត្តិការ ក្នុងការបើកដំណើរការសេដ្ឋកិច្ចសកលឡើងវិញ ចំពោះមុខបញ្ហា COVID-19 ដែលនៅមិនទាន់ធូរស្រាលនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។
សេតវិមានរដ្ឋធានីវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍មួយ អំពីកិច្ចសន្ទនាតាមទូរស័ព្ទ រវាងមេដឹកនាំកំពូលទាំងពីរយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ និងលោកនាយករដ្ឋមន្ត្រី ចនសុន បានគូសបញ្ជាក់ជាថ្មីឡើងវិញ អំពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគ្នា តាមរយៈយន្តការ G7 និង G20 ដើម្បីបើកដំណើរការសេដ្ឋកិច្ចសកលឡើងវិញ ព្រមទាំងធានាឲ្យបាននូវការផ្គត់ផ្គង់ទំនិញនានា និងការថែទាំផ្នែកវេជ្ជសាស្ត្រ ដល់គ្នាទៅតាមតម្រូវការ»។
ក្រៅពីការឯកភាពគ្នា អំពីការបើកដំណើរការសេដ្ឋកិច្ចសកលឡើងវិញ និងមិនទាន់មានការបញ្ជាក់អំពីវេលាច្បាស់លាស់នោះ មេដឹកនាំអាមេរិក និងអង់គ្លេសក៏បានពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបញ្ហាអន្តរជាតិមួយចំនួនទៀតផងដែរ។ លោក ចនសុន បានបញ្ជាក់ថា សុខភាពរបស់លោកបានប្រសើរឡើងវិញច្រើនហើយ និងអាចឈានទៅរកការជាះស្បើយវិញទាំងស្រុងនៅពេលឆាប់ៗ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអង់គ្លេសសុទ្ធតែស្ថិតនៅក្នុងចំណោម ប្រទេសកំពូលៗដែលមានករណីឆ្លង COVID-19 ដល់រាប់សែនករណី និងមនុស្សស្លាប់រាប់ម៉ឺននាក់ដូចគ្នា ហើយក៏មិនទាន់មានសញ្ញាថា បញ្ហាជំងឺរាតត្បាតសកលក្នុងប្រទេសទាំងពីរនេះ នឹងធូរស្រាលមកវិញឆាប់ៗនោះដែរ៕