(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រី លោក លី សៀន ឡុង (Lee Hsien Loong) នៅថ្ងៃអង្គារនេះ បានប្រកាសថាប្រទេសសិង្ហបុរី នឹងបន្តអនុវត្តវិធានការ «បិទប្រទេសមួយផ្នែក» រហូតដល់ថ្ងៃទី១ ខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។
វិធានការ «បិទប្រទេសមួយផ្នែក» ក្នុងនោះរួមមានទាំងការរក្សាគម្លាតសុវត្ថិភាព, ការបិទកន្លែងការងារមួយចំនួន និងសាលារៀន ដំបូងឡើយនឹងត្រូវអស់សុពលភាព នៅថ្ងៃទី៤ ខែឧសភា។ ប៉ុន្តែ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សិង្ហបុរី បាន និងកំពុងពើបប្រទះការផ្ទុះឡើងនូវករណីឆ្លង COVID-19 យ៉ាងគំហុគ ដែលកើតឡើងចេញពីការឆ្លង ជាចង្កោមនៅក្នុងចំណោមពលករបរទេស។ បើតាមលោកនាយករដ្ឋមន្ត្រី លី សៀន ឡុង ការបន្តសុពលភាពវិធានការបិទប្រទេសមួយផ្នែកនេះ អាចនឹងធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 ធ្លាក់ចុះ ហើយអាចនឹងធានាបានថាការឆ្លងជាចង្កោមក្នុងចំណោមពលករបរទេស នឹងមិនក្លាយជាការឆ្លងជាសហគមន៍។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមនៅថ្ងៃអង្គារនេះ សិង្ហបុរីមានអ្នកឆ្លង COVID-19 ៩,១២៥នាក់ បន្ទាប់ពីករណីឆ្លងថ្មីចំនួន ១,១១១នាក់ ត្រូវបាន
រាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណៈមនុស្សស្លាប់មាន១១នាក់ និងជាសះស្បើយ ៨០១នាក់៕