(ម៉ាឌ្រីត)៖ ក្រសួងសុខាភិបាលអេស្ប៉ាញបានឲ្យដឹងនៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០នេះថា ចំនួនមនុស្សស្លាប់ដោយសារតែជំងឺ COVID-19 នៅក្នុងប្រទេសអឺរ៉ុបមួយនេះ បានកើនឡើងដល់ ២១,២៨២នាក់ហើយ ក្រោយពីអ្នកស្លាប់ ៤៣០នាក់ទៀត ត្រូវបានរាយការណ៍ក្នុងពេលតែ ១ថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
នៅថ្ងៃអង្គារដដែលនេះ អេស្ប៉ាញក៏បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣,៩៦៨នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ២០៤,១៧៨ករណី ក្នុងនោះអ្នកជំងឺដែលជាសះស្បើយវិញសរុបកើនដល់ ៨២,៥១៤នាក់។
បើតាមតួលេខខាងលើនេះ អេស្ប៉ាញនៅតែបន្តឈរលេខរៀងទី ២ ជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនបំផុតលើលោកបន្ទាប់ពីសហរដ្ឋអាមេរិក ប៉ុន្តែសហរដ្ឋអាមេរិកដែលឈរនៅលេខ ១ មានអ្នកឆ្លងរហូតដល់ ៧៩២,៩៣៨ករណីឯណោះ ក្នុងនោះមនុស្សស្លាប់មានសរុប ៤២,៥១៨នាក់ ដែលជាចំនួនលើសអេស្ប៉ាញឆ្ងាយមែនទែន៕