(តូក្យូ)៖ ចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេសជប៉ុនបានកើនដល់ ១១,៤៣១ករណីហើយ ក្រោយអ្នកឆ្លងជំងឺនេះ ២៧៨នាក់ទៀតទើបត្រូវបានរកឃើញ ខណៈដែលប្រទេសទាំងមូល កំពុងស្ថិតក្រោមការដាក់ក្នុងគ្រាអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។
ក្នុងចំណោម ២៧៨ករណីថ្មីខាងលើនេះមាន ១២៣ករណីស្ថិតក្នុងទីក្រុងតូក្យូផ្ទាល់។ ចំណែកឯចំនួនអ្នកជំងឺ COVID-19 ដែលបាត់បង់ជីវិតវិញបានកើនដល់ ២៨៨នាក់ ដោយគិតទាំងចំនួនអ្នកមកពីកប៉ាល់ទេសចរណ៍ ដាយមិនដ៍ ព្រីសេស (Diamond Princess) ផងដែរ។ ក្រោយការបូកករណីថ្មីខាងលើនេះ ចំនួនអ្នកឆ្លងនៅក្នុងទីក្រុងតូក្យ បានឡើងដល់សរុប ៣,៣០៧នាក់ ឬស្មើនឹងជាងមួយភាគបីនៃករណីឆ្លងសរុប នៅទូទាំងប្រទេសជប៉ុន ហើយតំបន់ដែលរងគ្រោះខ្លាំងបន្ទាប់ពីតូក្យូ គឺខេត្តអូសាកា (Osaka) ដែលមានករណីឆ្លងកើនដល់ ១,២៩៥ករណី។
គួរជម្រាបថា យោងតាមក្រសួងសុខាភិបាលជប៉ុន អ្នកជំងឺសរុប ២៣៥នាក់កំពុងឈឺធ្ងន់ និងប្រើប្រាស់ម៉ាស៊ីនជំនួយដល់ការដកដង្ហើម (Ventilator) ខណៈសរុបអ្នកជំងឺ COVID-19 សរុប ១,៨៨៤នាក់ហើយ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីបានជាសះស្បើយ៕