(ម៉ូស្គូ)៖ ទិន្នន័យផ្លូវការបានបង្ហាញថា ក្នុងរយៈពេលត្រឹម ២៤ម៉ោងប៉ុណ្ណោះ ប្រទេសរុស្ស៊ីបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៥,៦៤២ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ៥២,៧៦៣ករណី។ នេះបើតាមការដកចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។

សម្រាប់តួលេខថ្មី ដែលត្រូវបានរាយការណ៍ខាងលើនេះ គឺខ្ពស់ជាងតួលេខឆ្លងប្រចាំថ្ងៃ ដែលត្រូវបានរាយការណ៍កាលពីថ្ងៃម្សិលមិញ ខណៈកាលពីថ្ងៃចន្ទ ទី២០ ខែមេសា រុស្ស៊ីបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីតែ ៤,២៦៨នាក់ប៉ុណ្ណោះ។ សម្រាប់ថ្ងៃអង្គារនេះ ក្រៅពីការប្រកាសអំពីអ្នកឆ្លង ៥,៦៤២នាក់ថ្មីបន្ថែមទៀតនោះ អ្នកជំងឺចំនួន ៥១នាក់ទៀត ក៏ត្រូវបានរាយការណ៍ថា បាត់បង់ជីវិតផងដែរ។

ដូច្នេះសម្រាប់តួលេខចុងក្រោយ ប្រទេសរុស្ស៊ីមានករណីឆ្លង COVID-19 សរុប ៥២,៧៦៣ករណីក្នុងនោះស្លាប់ ៤៥៦នាក់ និងជាសះស្បើយឡើងវិញ ៣,៨៧៣នាក់៕