(រីយ៉ាដ)៖ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានឱ្យដឹងថា អារ៉ាប៊ីសាអូឌីត បានប្រហារជីវិតមនុស្ស១៨៤នាក់ កាលពីឆ្នាំ២០១៩ ដែលនេះគឺជា តួលេខខ្ពស់ជាប់កំណត់ត្រាថ្មីមួយ ក្នុងរាជាណាចក្រមួយនេះ ខណៈការប្រហារជីវិតមនុស្សតាមប្រព័ន្ធតុលាការទូទាំងពិភពលោកមានការថយចុះ បើធៀបទៅនឹងឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។
ក្នុងឆ្នាំ២០១៩ អារ៉ាប៊ីសាអូឌីត បានប្រហារជីវិតបុរស ១៧៨នាក់ និងស្ត្រី៦នាក់ បើធៀបទៅនឹងឆ្នាំ២០១៨ មានមនុស្ស១៤៩នាក់ ត្រូវបានប្រហារជីវិតតាមប្រព័ន្ធតុលាការ ហើយភាគច្រើននៃអ្នកទាំងនេះ ត្រូវផ្ដន្ទាទោសពីបទជាប់ពាក់ព័ន្ធនឹងទង្វើភេរវកម្ម គ្រឿងញៀន និងសម្លាប់មនុស្ស។ អង្គការលើកលែងទោសអន្តរជាតិ បានបន្ថែមថាចំនួន អ្នកត្រូវបានប្រហារជីវិតនៅក្នុងប្រទេសអ៉ីរ៉ាក់ កាលពីឆ្នាំមុន ក៏បានកើនឡើងទ្វេដង ដល់១០០នាក់ផងដែរ រីឯអ៉ីរ៉ង់ឡើងទៅឈរនៅលំដាប់កំពូលដោយមានមនុស្ស២៥១នាក់ ត្រូវប្រហារជីវិត ខណៈចិនដែលត្រូវបានគេជឿជាក់បានប្រហារជីវិតមនុស្សរាប់ពាន់នាក់ រួមទាំងកូរ៉េខាងជើង ស៊ីរី និងវៀតណាម មិនត្រូវបានរាប់បញ្ចូល ក្នុងរបាយការណ៍ថ្មីនេះ។
គួរជម្រាបថា ក្រៅពីអ៉ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ាក់ ប្រទេសដែលបានប្រហារជីវិតមនុស្សច្រើន តាមប្រព័ន្ធតុលាការ មានដូចជា អេហ្ស៊ីប បានប្រហារជីវិតមនុស្ស ៣២នាក់, សហរដ្ឋអាមេរិក ២២នាក់ និងប៉ាគីស្ថាន ១៤នាក់។ តែទោះជាបែបនេះក្ដី ការប្រហារជីវិតមនុស្សទូទាំងសកលលោក ក្នុងឆ្នាំ២០១៩ មានការថយចុះ ៤ឆ្នាំជាប់ៗគ្នានៅត្រឹម ៦៥៧នាក់ ឬតិចជាង៥ភាគរយ ធៀបទៅនឹងឆ្នាំ២០១៨៕