(ញូយ៉ក)៖ តម្លៃប្រេងឆៅនៅសហរដ្ឋអាមេរិកនៅថ្ងៃចន្ទសប្តាហ៍នេះ បានធ្លាក់ចុះទាបខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ដោយសារតែវិបត្តិ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។
កាលពីថ្ងៃចន្ទ តម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិក បានធ្លាក់ចុះមកនៅកម្រិតអវិជ្ជមាន -៣៧.៦៣ដុល្លារក្នុងមួយបារ៉ែល ព្រោះតែបរិមាណនៃការផ្គត់ផ្គង់ច្រើនខ្លាំងពេក បង្កឡើងដោយវិបត្តិជំងឺ COVID-19 ដែលកំពុងវាយលុកពិភពលោកទាំងមូល។ ទោះជាបែបនេះក្តី តម្លៃប្រេងឆៅ West Texas Intermediate បានលោតឡើងទៅកម្រិតវិជ្ជមានវិញ គឺ២១ដុល្លារក្នុងមួយបារ៉ែល នៅថ្ងៃអង្គារ។
គួរជម្រាបថា បច្ចុប្បន្នមនុស្សរាប់ពាន់លាននាក់ជុំវិញពិភពលោក កំពុងអនុវត្តវិធានការស្នាក់នៅក្នុងផ្ទះតាមតែអាចធ្វើទៅបាន ដើម្បីកាត់បន្ថយអត្រានៃការឆ្លងរាតត្បាតរបស់ជំងឺ COVID-19 ដ៏កាចសាហាវ ដែលប្រការនេះធ្វើឲ្យតម្រូវការនៃប្រេងឆៅធ្លាក់ចុះជាសកល ជាហេតុបង្កឲ្យការផ្គត់ផ្គង់នៅសល់កកកុញ៕