(ញូវដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរាយការណ៍ឲ្យដឹងនៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០នេះថា ប្រទេសឥណ្ឌាបានរកឃើញករណីស្លាប់ថ្មីៗ ដោយសារជំងឺ COVID-19 ចំនួន ៣១នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទម្សិលមិញនេះ ខណៈករណីឆ្លងថ្មីៗចំនួន ៩៤៥ករណី ក៏ត្រូវបានរាយការណ៍នៅក្នុងថ្ងៃជាមួយគ្នានេះដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឥណ្ឌាបានគូសបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅញូដេលី) ចំនួនសរុបនៃអ្នកស្លាប់ដោយសារជំងឺ COVID-19 ក្នុងប្រទេសបានកើនដល់ ៥៩០នាក់ហើយ»។
ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ផងដែរថា ក្រៅពីករណីស្លាប់ ក៏មានដែរករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៩៤៥ ករណីបន្ថែមទៀតត្រូវបានរាយការណ៍ ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញដដែលនេះផងដែរ ដែលនាំឲ្យចំនួនសរុបបានកើនដល់ ១៨,៦០១ករណី ហើយក្នុងនោះ មានអ្នកជំងឺចំនួន ៣,២៥២នាក់បានជាសះស្បើយឡើងវិញ។
បើគេពិនិត្យទៅលើចំនួនប្រជាជនឥណ្ឌារហូតដល់ជិត ១.៤ពាន់លាននាក់ ធៀបនឹងចំនួនករណីឆ្លង COVID-19 នាពេលនេះ គឺស្ថិតនៅក្នុងកម្រិតទាបខ្លាំងនៅឡើយ ហើយវាមិនមែនកើតមានឡើង ដោយចៃដន្យនោះឡើយ ព្រោះឥណ្ឌាបានចាប់ផ្តើមវិធានការបិទប្រទេស និងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងបំផុត តាំងតែពីករណីឆ្លង COVID-19 ផ្ទុះឡើងដំបូងៗមកម្ល៉េះ៕