(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ ប្រទេសចិនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៤ករណីបន្ថែមទៀតនៅទូទាំងប្រទេស ដែលសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។
បើបូកបញ្ចូលទាំង ០៤ករណីថ្មីៗខាងលើ នាំឲ្យតួលេខសរុបនៃករណីនាំចូលពីក្រៅប្រទេសនៅក្នុងប្រទេសមួយនេះ បានកើនដល់ ១,៥៨៧ករណីហើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន ៧៧៨នាក់បានជាសះស្បើយឡើងវិញ ខណៈអ្នកជំងឺចំនួន ៨១១នាក់ ផ្សេងទៀតកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនៅឡើយ។
ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការសុខាភិបាលចិន (NHC) បានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,១២៣នាក់ ដោយក្នុងនោះ ៣៩នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយជាស្ថាពរឡើងវិញ និងចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃចន្ទម្សិលមិញនេះតែម្តង។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនករណីឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨២,៧៥៨ករណី ក្នុងនោះ ៤,៦៣២នាក់បានបាត់បង់ជីវិត។
និយាយជារួមសម្រាប់ថ្ងៃចន្ទ ទី២០ ខែមេសាម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ ០៤ករណីប៉ុណ្ណោះនៅទូទាំងប្រទេស ដោយករណីឆ្លងថ្មីៗទាំង ០៤ករណីនេះទៀតសោត គឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈករណីស្លាប់នៅថ្ងៃដដែលនេះ មិនមានឡើយសូម្បីតែម្នាក់នៅទូទាំងប្រទេសចិនតែម្តង៕