(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាមួយ ដែលនឹងហាមឃាត់ការធ្វើដំណើរ របស់ជនអន្តោប្រវេសន៍ចូលមកកាន់សហរដ្ឋអាមេរិក ជាបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។
នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ខណៈកំពុងទទួលរងការវាយប្រហារ ពីសត្រូវមើលមិនឃើញ (COVID-19) និងដើម្បីការពារការងារ និងប្រជាជនអាមេរិកដ៏អស្ចារ្យរបស់យើង, ខ្ញុំនឹងចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតី ហាមឃាត់ជាបណ្ដោះអាសន្ន នូវការធ្វើដំណើររបស់ជនអន្តោប្រវេសន៍ ចូលមកកាន់សហរដ្ឋអាមេរិក»។
សហរដ្ឋអាមេរិក គឺជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតនៅលើពិភពលោក ដោយសារ COVID-19 ដោយមានអ្នកឆ្លង ៧៨៤,០០០នាក់ ក្នុងនោះស្លាប់ ៤២,០៩៤នាក់។ ប្រឈមមុខនឹងស្ថានការណ៍បច្ចុប្បន្ន លោក ដូណាល់ ត្រាំ បានសន្យាថា នឹងធ្វើការងារជាមួយបណ្ដាអភិបាលរដ្ឋទាំងអស់ ក្នុងការបង្កើនការធ្វើតេស្ដរក COVID-19។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានជំរុញផងដែរឱ្យប្រជាជនអាមេរិកទាំងអស់ បន្តអនុវត្តវិធានការគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ COVID-19 ស្របពេលប្រជាជននៅតាមរដ្ឋខ្លះ កំពុងធ្វើបាតុកម្មទាមទារឱ្យ លុបចោលវិធានការស្ថិតនៅក្នុងផ្ទះ៕