(ហុងកុង)៖ នាយកប្រតិបត្តិទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋបាលដឹកនាំរបស់លោកស្រី នឹងបន្តអនុវត្តវិធានការ «រក្សាគម្លាតសុវត្ថិភាព» ១៤ថ្ងៃបន្ថែមទៀត គិតចាប់ពីថ្ងៃទី២៣ ខែមេសាតទៅ ដើម្បីទប់ស្កាត់ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។

ទីក្រុងហុងកុងកាលពីថ្ងៃចន្ទម្សិលមិញ មិនមានករណីឆ្លងថ្មី COVID-19 ជាលើកដំបូងចាប់តាំងពីដើមខែមីនាមក ខណៈតួលេខអ្នកឆ្លងស្ថិតនៅ ១,០២៥ករណី ក្នុងនោះស្លាប់ ០៤នាក់ គិតចាប់តាំងពីជំងឺនេះផ្ទុះឡើង កាលពីខែមករា។ ជាវិធានការទប់ស្កាត់ តំបន់សេដ្ឋកិច្ចពិសេសចិនមួយនេះ បានដាក់ចេញនូវវិធានការ «រក្សាគម្លាតសុវត្ថិភាព» ដោយហាមឃាត់ការប្រមូលផ្ដុំគ្នា ចាប់ពីមនុស្សលើសពី ៤នាក់ រយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃទី២៩ ខែមីនា ហើយបានបន្តអូបន្លាយរហូតដល់ថ្ងៃទី២៣ ខែមេសា ២០២០។

ចំណែកឯ ទីតាំងលេងហ្គេម ក្លឹបហាត់ប្រាណ រោងភាពយន្ដ និងទីសាធារណៈនានា ក៏ត្រូវបានបិទទ្វារជាបណ្ដោះអាសន្នផងដែរ ហើយការធ្វើដំណើររបស់ជនបរទេស មកកាន់អាកាសយានដ្ឋានក្រុងហុងកុង ត្រូវបានផ្អាកគ្មានពេលកំណត់ផងដែរ៕