(ប៉ារីស)៖ បារាំងបានរាយការណ៍ថា មនុស្សស្លាប់ដោយសារជំងឺ COVID-19 ក្នុងប្រទេសអឺរ៉ុបមួយនេះ បានកើនឡើងដល់ ២០,២៦៥នាក់ហើយ និងក្លាយជាប្រទេសទី ៤ បន្ទាប់ពីអ៉ីតាលី សហរដ្ឋអាមេរិក និងអេស្ប៉ាញ ដែលបានឆ្លងកាត់ចំនួនអ្នកស្លាប់ ដល់ខ្ទង់ ២០,០០០នាក់បែបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលបារាំងបានអះអាងថា ចំនួនមនុស្សស្លាប់បានកើនឡើងបន្ថែមដូចខាងលើនេះ គឺក្រោយពេលអ្នកស្លាប់ ៥៤៧នាក់ថ្មីទៀតត្រូវបានបូកបញ្ចូលកាលពីថ្ងៃចន្ទ ដែលវាបានបង្ហាញអត្រាស្លាប់កើនឡើងវិញ បើធៀបនឹងកាលពីថ្ងៃអាទិត្យ ដែលមានអ្នកស្លាប់តែ ៣៩៥នាក់។
គួរបញ្ជាក់ថា សម្រាប់តួលេខចុងក្រោយនៅបារាំងពេលនេះ គឺករណីឆ្លងជំងឺ COVID-19 មានសរុប ១៥៥,៣៨៣ករណី ក្នុងនោះស្លាប់ ២០,២៦៥នាក់ និងជាសះស្បើយឡើងវិញ ៣៧,៤០៩នាក់៕