(មីយ៉ាន់ម៉ា)៖ ចំនួនអ្នកឆ្លងវីរ៉ុស COVID-19 នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់១១៧នាក់ហើយ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីចំនួន៦នៅថ្ងៃចន្ទនេះ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី២០ ខែមេសានេះ។
ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ា បានឲ្យដឹងថា អ្នកដែលគេរកឃើញឆ្លងថ្មីនៃវីរ៉ុសនេះ មិនមានប្រវត្តិធ្វើដំណើរនោះទេ ក្នុងរយៈពេល១៤ថ្ងៃកន្លងទៅ ប៉ុន្តែពួកគេមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងអ្នកជំងឺដែលមានករណីឆ្លងកន្លងមក។
គិតមកទល់ពេលនេះអ្នកជំងឺចំនួន៩នាក់ បានជាសះស្បើយពីជំងឺ ហើយ៤នាក់នៃពួកគេត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនាថ្ងៃចន្ទនេះ។
មីយ៉ាន់ម៉ា បានរាយការណ៍ថា មានមនុស្សចំនួន៥នាក់ហើយដែលបានស្លាប់ ដោយសារជំងឺ COVID-19 គិតត្រឹមថ្ងៃចន្ទនេះ បន្ទាប់ពីវីរ៉ុស បានរកឃើញជាលើកដំបូង នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។
យោងតាមក្រសួងសុខាភិបាល និងកីឡា បានចេញផ្សាយថា រដ្ឋាភិបាលបានហាមឃាត់ការជួបជុំគ្នា ចាប់ពីមនុស្ស៥នាក់ឡើងទៅ នៅក្នុងប្រទេស ដើម្បីជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងការរាតត្បាត ពីវីរ៉ុស COVID-19៕