(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រជាជនអាមេរិកអាមេរិកប្រមាណ ២,៥០០នាក់ បានចូលរួមក្នុងបាតុកកម្មតវ៉ា នៅខាងមុខវិមានកាពីតូល (Capitol) ក្នុងទីក្រុងអូឡាំព្យ៉ា (Olympia) នៃរដ្ឋវ៉ាស៊ីនតោន ភាគខាងលិចសហរដ្ឋអាមេរិក ដើម្បីសម្ដែងការប្រឆាំងជំទាស់នឹង «បទបញ្ជាស្ថិតនៅក្នុងផ្ទះ»។
២៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់ នាថ្ងៃចន្ទនេះបានប្រកាសថា ប្រទេសឥស្លាមមួយនេះបានរកឃើញករណីឆ្លង COVID-19 ចំនួន ១,២៩៤នាក់ថ្មីទៀត ដែលប្រការនេះធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅអ៉ីរ៉ង់កើនដល់ ៨៣,៥០៥នាក់ គឺលើសតួលេខនៅប្រទេសចិនដែលមាន ៨២,៧៤៧នាក់ហើយ។
៣៖ អាជ្ញាធរសុខាភិបាលរុស្ស៊ីនៅថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញ COVID-19 រហូតដល់ ៤,២៦៨ករណីថ្មីទៀត ក្នុងរយៈពេលតែ ២៤ម៉ោងចុងក្រោយនេះ ប៉ុណ្ណោះ ជាតួលេខធ្លាក់ចុះបើធៀបទៅនឹងមួយថ្ងៃមុន ដែលមានអ្នកឆ្លងរហូតដល់ ៦,០៦០នាក់។
៤៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន២៧ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនដល់២,៧៩២ ករណី។
៥៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានរកឃើញ COVID-19 ១៣ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ធ្វើឱ្យចំនួនអ្នកឆ្លងសរុប ទូទាំងប្រទេសកើនដល់ ១០,៦៧៤នាក់។
៦៖ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានកងទ័ពជើងទឹកអាមេរិក ដែលប្រចាំការនៅឈូងសមុទ្រពែក្សថា ខ្លួននឹងចាត់វិធានឆ្លើយតបយ៉ាងចាស់ដៃ ប្រសិនបើអាមេរិកសាងកំហុសឆ្គងណាមួយ ក្នុងតំបន់ឈូងសមុទ្រពែក្ស៕