(តេហេរ៉ង់)៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់ នាថ្ងៃចន្ទនេះបានប្រកាសថា ប្រទេសឥស្លាមមួយនេះបានរកឃើញករណីឆ្លង COVID-19 ចំនួន ១,២៩៤នាក់ថ្មីទៀត ដែលប្រការនេះធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅអ៉ីរ៉ង់កើនដល់ ៨៣,៥០៥នាក់ គឺលើសតួលេខនៅប្រទេសចិនដែលមាន ៨២,៧៤៧នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។
លោក គីយ៉ានូស ហ្សាហាន់ភើ (Kianush Jahanpur) ដែលជាមន្រ្តីផ្នែកព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងសុខាភិបាលអ៉ីរ៉ង់ ក៏បានឲ្យដឹងដែរថា អ្នកជំងឺ COVID-19 ចំនួន ៩១នាក់បន្ថែមទៀតទើបតែបានបាត់បង់ជីវិត។ យោងតាមលោក Jahanpur ចំនួនអ្នកស្លាប់សរុបគឺ ៥,២០៩នាក់ ចំណែកចំនួនអ្នកជាសះស្បើយសរុបវិញមាន ៥៩,២៧៣នាក់ ខណៈ៣,៣៩៨នាក់ក្នុងចំណោមអ្នកដែលកំពុងបន្ត ទទួលការព្យាបាលនៅមន្ទីរពេទ្យ ស្ថិតក្នុងការសង្រ្គោះបន្ទាន់៕