(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា ប្រទេសចិននឹងបង្កើនវិធានការបង្ការ និងទប់ស្កាត់ជំងឺ COVID-19 ថែមមួយកម្រិតទៀតនៅតាមទីក្រុងធំៗ និងនៅតាមកំពង់ផែសំខាន់ៗ ខណៈកំណើននៃករណីឆ្លងថ្មីៗនៅទីនោះហាក់មានសន្ទុះខ្លាំង នារយៈពេលចុងក្រោយនេះ។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។
លោក មី ហ្វេង (Mi Feng) ដែលជាអ្នកនាំពាក្យគណៈកម្មការសុខាភិបាលជាតិចិន បានធ្វើការកត់សម្គាល់ថា ចំនួនករណីឆ្លងនាំចូលពីប្រទេសក្រៅ កាលពីសប្តាហ៍មុនបានធ្លាក់ចុះបន្តិចមកវិញ ប៉ុន្តែហានិភ័យនៃការឆ្លងវីរុស នៅតាមព្រំដែនដីគោក នៅតែបន្តកើតមាន។ លោក Mi បានសង្កត់ធ្ងន់ថា មានករណីឆ្លងជាចង្កោមនៅក្នុងសហគមន៍ ដែលបណ្តាលមកពីករណីនាំចូល។
ជុំវិញបញ្ហានេះ លោក មី បានគូសបញ្ជាក់ថា សមត្ថភាពធ្វើតេស្តក៏ដូចជាការព្យាបាលតាមបែបវេជ្ជសាស្ត្រ នឹងត្រូវបានពង្រឹងបន្ថែមនៅតាមទីក្រុងធំៗ និងកំពង់ផែសំខាន់ៗនានា ដើម្បីទប់ស្កាត់ការឆ្លងរីករាលជំងឺ COVID-19។ ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅទីនោះទាំងអស់ ឲ្យពង្រឹងការការពារខ្លួនឯង ដើម្បីចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ជាមួយរដ្ឋាភិបាល។
បើតាមតួលេខចុងក្រោយ ប្រទេសចិនមានករណីឆ្លងជំងឺ COVID-19 សរុប ៨២,៧៤៧ករណី ក្នុងនោះស្លាប់ ៤,៦៣២នាក់ និងជាសះស្បើយឡើងវិញ រហូតដល់ ៧៧,០៨៤នាក់៕