(វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលឡាវបានរាយការណ៍ឲ្យដឹងថា ប្រទេសឡាវមិនមានករណីឆ្លងថ្មីនៃជំងឺ COVID-19 នោះទេសម្រាប់ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០នេះ ដែលធ្វើឲ្យប្រទេសអាស៊ានមួយនេះ គ្មានករណីឆ្លងថ្មីសូម្បីតែ១ករណី រយៈពេល ០៨ថ្ងៃជាប់ៗមកហើយ។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ។
លោក ភូថុន មេអ៊ុងប៉ាក (Phouthone Meaungpak) ដែលជាអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ បានប្រាប់សន្និសីទកាសែតនៅថ្ងៃចន្ទនេះយ៉ាងដូច្នេះថា ក្រុមជំនាញឡាវបានធ្វើតេស្តរកជំងឺ COVID-19 លើជនសង្ស័យចំនួន ១៦នាក់បន្ថែមទៀត ហើយលទ្ធផលបានបង្ហាញថា «អវិជ្ជមានទាំងអស់គ្នា» ដែលធ្វើឲ្យប្រទេសអាស៊ានមួយនេះ នៅតែមានចំនួនអ្នកឆ្លងជំងឺនេះសរុបត្រឹម ១៩ករណីដដែល។
គួរជម្រាបថា គិតត្រឹមថ្ងៃចន្ទនេះ អាជ្ញាធរឡាវបានធ្វើតេស្ត COVID-19 លើជនសង្ស័យចំនួន ១,៣៤៩នាក់ ដោយក្នុងនោះមាន ១៩នាក់មានលទ្ធផល «វិជ្ជមាន» ហើយក្នុងចំណោមអ្នកវិជ្ជមានទាំង ១៩ករណីនេះទៀតសោត មាន ០២នាក់បានជាសះស្បើយឡើងវិញ និងគ្មានអ្នកបាត់បង់ជីវិតឡើយ។ ប្រទេសមួយនេះបានរកឃើញករណីដំបូងបំផុត នៃជំងឺរាតត្បាតសកលនេះ កាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅនេះ៕