(កាប៊ុល)៖ បុគ្គលិករាប់សិបនាក់ បម្រើការក្នុងវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ដោយបង្ខំឱ្យលោក ត្រូវស្នាក់នៅដាច់ដោយឡែកពីគេ។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន New York Times នៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។
សេចក្ដីរាយការណ៍កាលពីដំបូងឡើយ អះអាងថាបុគ្គលិកឆ្លងមានតែ ២០នាក់ប៉ុណ្ណោះ ប៉ុន្តែកាលពីថ្ងៃអាទិត្យ កាសែតអាមេរិក New York Times ដោយផ្អែកលើ ប្រភពដែលខ្លួនទទួលបាន បានបញ្ជាក់ថាបុគ្គលិកវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន រហូតដល់៤០នាក់ បានឆ្លង COVID-19។ ប៉ុន្តែ ខាងរដ្ឋាភិបាលទីក្រុងកាប៊ុល មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ ហើយក៏មិនមានព័ត៌មានច្បាស់ការថាលោក Ashraf Ghani ឆ្លងជំងឺដ៏កាចសាហាវនេះ ដែរឬក៏យ៉ាងណានោះទេ។
គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃអាទិត្យ ម្សិលមិញ អាហ្វហ្គានីស្ថានមានអ្នកឆ្លង COVID-19 ៩៩៦នាក់ ក្នុងនោះស្លាប់ ៣៣នាក់ និងជាសះស្បើយ ១៣១នាក់៕