(សិង្ហបុរី)៖ នាថ្ងៃចន្ទនេះ ប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ដល់ទៅ១,៤២៦នាក់ ដែលជាអត្រាដ៏ខ្ពស់មិនធ្លាប់មានមួយកម្រិតទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសជាបឋមរបស់ក្រសួងសុខាភិបាលសិង្ហបុរី សឹងតែទាំងអស់នៃករណីថ្មីៗទាំងនោះ គឺជាពលករបរទេសដែលកំពុងបំពេញការងារនៅក្នុងប្រទេសសិង្ហបុរី ដោយមានត្រឹម១៦ករណីប៉ុណ្ណោះ ដែលជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្ត្រៃយ៍។ ក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា អាជ្ញាធរកំពុងធ្វើការងារពាក់ព័ន្ធករណីទាំងអស់នេះ ហើយនឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតនៅយប់ថ្ងៃចន្ទនេះ។ កាលពីថ្ងៃអាទិត្យសិង្ហបុរីបានប្រកាសរកឃើញករណីថ្មីៗជិត៦០០ករណី ខណៈកាលពីថ្ងៃសៅរ៍មានជាង៩៤០ករណី។
គួរជម្រាបថា សិង្ហបុរីដែលមានប្រជាជនប្រមាណ៥.៦លាននាក់ នាពេលនេះ បានក្លាយជាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនជាងគេបំផុតប្រចាំនៅតំបន់អាស៊ាន បន្ទាប់ពីកន្លងមកធ្លាប់ត្រូវក្រុមអ្នកវិភាគចាត់ទុកថា ជាប្រទេសគំរូក្នុងការគ្រប់គ្រងវិបត្តិជំងឺឆ្លងរាតត្បាតជាសកលនេះ៕