(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានរកឃើញ COVID-19 ១៣ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ធ្វើឱ្យចំនួនអ្នកឆ្លងសរុប ទូទាំងប្រទេសកើនដល់ ១០,៦៧៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។
ចំនួនអ្នកឆ្លងថ្មី១៣នាក់ខាងលើ គឺជាតួលេខអ្នកឆ្លងប្រចាំថ្ងៃ ក្រោម៣០ករណី ៨ថ្ងៃជាប់ៗគ្នា ហើយក្នុងចំណោមករណីថ្មីនេះទៀតសោត មាន៧នាំចូលពីបរទេស នាំឱ្យករណីនាំចូលកើនដល់ ១,០០៦នាក់។ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ក៏បានរាយការណ៍ពីអ្នកស្លាប់២នាក់បន្ថែមផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបហក់ឡើង ដល់២៣៦នាក់ ខណៈអត្រាមរណមាន ២.២១ភាគរយ។
ចំណែកឯ អ្នកជាសះស្បើយវិញ មាន៨,១១៤នាក់ ឬស្មើនឹង ៧០ភាគរយ បន្ទាប់ពីអ្នកជាសះស្បើយថ្មី ៧២នាក់ ត្រូវបានរាយការណ៍។ កូរ៉េខាងត្បូង ចាប់តាំងពី ថ្ងៃទី៣ ខែមករាមក បានធ្វើតេស្ដលើមនុស្ស ៥៦៣,០០០នាក់ ក្នុងនោះមាន ៥៤០,៣៨០នាក់ តេស្ដអវិជ្ជមាន និង១១,៩៨១នាក់ កំពុងស្ថិតនៅក្រោម ការតាមដាន៕