(អាហ្វ្រិក)៖ យោធានីហ្សេរីយ៉ាបានបញ្ជាក់ថា សមាជិកក្រុមសកម្មប្រយុទ្ធ បូកូហារ៉ាម (Boko Haram) សរុបចំនួន ១០៥នាក់ត្រូវបានផ្តាច់ជីវិត ក្នុងប្រតិបត្តិការយោធាមួយនាពេលថ្មីៗនេះ នៅឯរដ្ឋយ៉ូប៊ី (Yobe) ភាគឦសានប្រទេសនីហ្សេរីយ៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។
កងទ័ពនីហ្សេរីយ៉ាបានបញ្ជាក់ថា ការទទួលជោគជ័យនៃប្រតិបត្តិការយោធានាពេលនោះ គឺដោយសារតែរបាយការណ៍ស៊ើបការណ៍សម្ងាត់មួយ ដែលបកអាក្រាតពីផែនការវាយប្រហារ របស់ក្រុមសកម្មប្រយុទ្ធ Boko Haram ទៅលើភូមិមួយឈ្មោះថា ប៊ូនី យ៉ាទី (Buni Yadi)។ ក្រោយពីទទួលបានព័ត៌មាននេះ កងកម្លាំងយោធានីហ្សេរីយ៉ា បានចេញសកម្មភាពភ្លាមៗដើម្បីស្ទាក់ក្រុម Boko Haram ហើយឈានទៅដល់ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ដែលផ្តាច់ជីវិតសមាជិក Boko Haram ចំនួន ១០៥នាក់ រួមជាមួយការរឹបអូសសម្ភារៈមួយចំនួនទៀត។
គួរជម្រាបថា យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ក្រៅពីប្រទេសនីហ្សេរីយ៉ា ក្រុមសកម្មប្រយុទ្ធ Boko Haram ក៏បានបង្កបញ្ហាធំៗជាច្រើននៅតំបន់ ឡេកឆាដ (Lake Chad) នៃទ្វីបអាហ្រ្វិក ដែលរួមមានប្រទេសឆាដ កាមេរ៉ូន បេណាំង និងនីហ្សេផងដែរ៕