(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិកអាមេរិកប្រមាណ ២,៥០០នាក់ បានចូលរួមក្នុងបាតុកកម្មតវ៉ា នៅខាងមុខវិមានកាពីតូល (Capitol) ក្នុងទីក្រុងអូឡាំព្យ៉ា (Olympia) នៃរដ្ឋវ៉ាស៊ីនតោន ភាគខាងលិចសហរដ្ឋអាមេរិក ដើម្បីសម្ដែងការប្រឆាំងជំទាស់នឹង «បទបញ្ជាស្ថិតនៅក្នុងផ្ទះ» ដែលដាក់ចេញដោយអភិបាលរដ្ឋវ៉ាស៊ីនតោន លោក ចាយ អ៊ីនស្លី (Jay Inslee) ដើម្បីទប់ស្កាត់ COVID-19។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។
ការធ្វើបាតុកម្មតវ៉ាខាងលើ ធ្វើឡើងដោយរំលោភបំពានលើបំរាមប្រមូលផ្ដុំ ហើយបើទោះជាក្រុមអ្នករៀបចំបាតុកម្មតវ៉ាសន្យាថា ក្រុមអ្នកចូលរួមនឹងពាក់ម៉ាស ក៏ដោយ តែបាតុករខ្លះមិនបានពាក់ម៉ាសនោះទេ រីឯប៉ូលិសក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក៏មិនបានចេញសេចក្ដីថ្លែងការណ៍អ្វីនោះដែរ។ បាតុកម្មតវ៉ាប្រឆាំងនឹង បទបញ្ជាស្ថិតនៅក្នុងផ្ទះ និងវិធានការគម្លាតសុវត្ថិភាព បានផ្ទុះឡើងជាបន្តបន្ទាប់ នៅតាមទីក្រុងនៃរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយបាតុករទាំងអស់ បានអំពាវនាវឱ្យមានការលុបចោលវិធានការទាំងនេះ មុនកាលកំណត់ពោលគឺមុនថ្ងៃទី០៤ ខែឧសភា។
គួរជម្រាបថា ខណៈអភិបាលរដ្ឋមួយចំនួនប្រកាន់ជំហរថា នឹងបន្តការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ COVID-19 ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបង្ហោះសារមួយលើ Twitter បង្ហាញការគំាទ្រដល់ក្រុមបាតុករ នៅរដ្ឋមីឈីហ្គែន (Michigan), មីនណេសូតា (Minnesota) និងរដ្ឋ វ៉ឺជីនៀ (Virginia) ដែលទាមទារឱ្យមានការលុបចោលវិធានការរឹតត្បិត ដើម្បីឱ្យពួកគេអាចត្រឡប់ទៅធ្វើការដូចធម្មតាវិញ។
បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ សហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 ចំនួន ៧៦៤,២៦៥ករណី ក្នុងនោះស្លាប់ ៤០,៥៦៥នាក់ និងជាសះស្បើយ ៧១,០១២នាក់៕