(កាំប៉ាឡា)៖ ប្រធានាធិបតីអ៊ូហ្គង់ដា លោក យ៉ូវែរី មូសេវេនី (Yoweri Museveni) បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសអាហ្វ្រិកមួយនេះ កំពុងអភិវឌ្ឍវ៉ាក់សាំង COVID-19 ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។
លោក Museveni ធ្វើការអះអាងខាងលើ ក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអាទិត្យ។ លោកប្រធានាធិបតីរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមអ្នកវិទ្យាសាស្ត្ររបស់យើង កំពុងធ្វើការងារលើការអភិវឌ្ឍវ៉ាក់សាំង»។ លោកបន្ថែមថា អ្នកវិទ្យាសាស្ត្រនៅឯវិទ្យាស្ថានស្រាវជ្រាវវីរុសអ៊ូហ្គង់ដា ក្នុងទីក្រុង អ៊ែនធិប (Entebbe) បានយល់ដឹងពីលំដាប់ហ្សែន និងការវិវត្តន៍នៃវីរុសកូរ៉ូណា នៅក្នុងប្រទេសអ៊ូហ្គង់ដារួចទៅហើយ។
គួរជម្រាបថា បើតាមលោក Yoweri Museveni ក្រុមអ្នកវិទ្យាសាស្ត្រអ៊ូហ្គង់ដា កំពុងអភិវឌ្ឍឧបករណ៍ធ្វើតេស្ដរក COVID-19 ហើយលោកផ្ទាល់ក៏បានអរគុណផងដែរ បុគ្គលិកសុខាភិបាលសម្រាប់កិច្ចខិតខំប្រឹងប្រែងព្យាបាលអ្នកជំងឹ COVID-19 ៥៥នាក់ ដែលក្នុងនោះមាន ២៨នាក់បានជាសះស្បើយ ខណៈពុំទាន់ មានអ្នកស្លាប់ត្រូវបានរាយការណ៍ នៅក្នុងប្រទេសអាហ្វ្រិកមួយនេះទេ។ អ៊ូហ្គង់ដា (Uganda) ជាប្រជាជាតិមួយ ដែលស្ថិតនៅទ្វីបអាហ្វ្រិកភាគកណ្តាល ដែលមានប្រជាជនសរុបជាង ៤៣លាននាក់៕