(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលីនាថ្ងៃចន្ទនេះបានប្រកាសថា ខ្លួននឹងចាប់ផ្តើមតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google និង Facebook ធ្វើការបង់ថវិកាឲ្យទៅក្រុមហ៊ុនសារព័ត៌មាន នៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ការប្រើប្រាស់អត្ថបទព័ត៌មានរបស់ពួកគេ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។

បើតាមរដ្ឋមន្រ្តីក្រសួងរតនាគារជាតិអូស្រ្តាលី លោក ចូន ហ្វ្រាយដិនប៊ឺក (Josh Frydenberg) ក្រមប្រតិបត្តិមួយដែលនឹងត្រូវដាក់ចេញនៅខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ នឹងតម្រូវឲ្យក្រុមហ៊ុនអាមេរិកទាំងងពីរខាងលើ បង់ថវិកាឲ្យទៅកាន់បណ្តាក្រុមហ៊ុនសារព័ត៌មានរបស់អូស្រ្តាលី សម្រាប់ការប្រើប្រាស់អត្ថបទព័ត៌មាន របស់ក្រុមហ៊ុនទាំងអស់នោះ នៅលើវែបសាយរបស់ពួកគេ។ ចំណាត់ការនេះត្រូវគេមើលឃើញថា ជាការសំដៅការពារក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនៅ អូស្រ្តាលីពីឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដ៏ធំទាំងពីរ។

គួរជម្រាបថា ក្រុមហ៊ុន Google និង Facebook បានជះឥទ្ធិពលយ៉ាងធំទៅលើឧស្សាហកម្មព័ត៌មានរបស់អូស្រ្តាលី ដោយចំនួនក្រុមហ៊ុនព័ត៌មាន និងចំនួនអ្នកសារព័ត៌មានតាមអនឡាញរបស់ប្រទេសនេះ បានធ្លាក់ចុះជាង ២០ភាគរយចាប់តាំងពីឆ្នាំ២០១៤ មក ខណៈចំណូល នៃការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ត្រូវបានក្តោបក្តាប់ស្ទើរតែទាំងស្រុង ដោយក្រុមហ៊ុនយក្សទាំងពីរ។

យោងតាមទិន្នន័យប៉ាន់ស្មាន ប្រជាជនអូស្រ្តាលីប្រហែល ១៧លាននាក់ ប្រើប្រាស់ Facebook ក្នុងមួយខែៗ ហើយចំណាយពេលជាមធ្យមក៏ ៣០នាទីដែរនៅលើបណ្តាញសង្គមដ៏ធំនេះក្នុងមួយថ្ងៃៗ ខណៈ ៩៨ភាគរយ នៃការ Search លើទូរស័ព្ទគឺប្រជាជនអូស្រ្តាលីប្រើប្រាស់ Google៕