(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសចិនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១២ករណីបន្ថែមទៀតនៅទូទាំងប្រទេស ដោយក្នុងនោះមាន ០៨ករណីជាករណីនាំចូលពីប្រទេសខាងក្រៅ និង ០៤ ករណីផ្សេងទៀតជាករណីឆ្លងស្រុកតែម្តង។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។
ក្នុងចំណោមករណីឆ្លងក្នុងស្រុកទាំង ០៤ករណីខាងលើ មាន ០៣ ករណីត្រូវបានគេរាយការណ៍ចេញពីខេត្តហៃឡុងជាំង (Heilongjiang) និង ០១ ករណីចុងក្រោយនៅតំបន់ស្វយ័ត អ៊ីនណឺ ម៉ុងហ្គោលី (Inner Mongolia)។
ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការសុខាភិបាលចិន (NHC) បានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,០៨៤នាក់ហើយ ដោយក្នុងនោះ ២២នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយជាស្ថាពរឡើងវិញ និងចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃអាទិត្យទម្សិលមិញនេះតែម្តង។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនករណីឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨២,៧៤៧ករណី ក្នុងនោះ ៤,៦៣២ នាក់បានបាត់បង់ជីវិត។
និយាយជារួមសម្រាប់ថ្ងៃអាទិត្យ ទី១៩ ខែមេសាម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមចំនួន ១៩ករណីនៅទូទាំងប្រទេស។ ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១២ករណីនេះទៀតសោត មានតែ ០៤ករណីប៉ុណ្ណោះដែលជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះគឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈករណីស្លាប់នៅថ្ងៃដដែលនេះ មិនមានឡើយសូម្បីតែម្នាក់នៅទូទាំងប្រទេសចិនតែម្តង៕