(រ៉ង់ហ្គូន)៖ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ បានកើនដល់ ១១១ករណីហើយ ខណៈ ០៤ករណី គឺជាករណីថ្មី ទើបតែបានរកឃើញកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ក្នុងចំណោមករណីដែលបានបញ្ជាក់ថ្មីៗទាំង ០៤ករណីខាងលើ ត្រូវបានរាយការណ៍ចេញពីទីក្រុងរ៉ង់ហ្គូន (Yangon) ហើយអ្នកជំងឺអស់នោះទៀតសោត គឺពុំមានប្រវត្តិធ្វើដំណើរចេញក្រៅប្រទេសឡើយនារយៈពេល ១៤ថ្ងៃចុងក្រោយនេះ។ ប៉ុន្តែមាន ០២នាក់ក្នុងចំណោមពួកគេ ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយករណី COVID-19 មុនៗ។

បើគិតចាប់តាំងជំងឺ COVID-19 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសនេះ កាលពីថ្ងៃទី ២៣ ខែមីនាមក មីយ៉ាន់ម៉ាបានកត់ត្រាករណីស្លាប់ចំនួន ០៥នាក់ក្នុងចំណោមករណីសរុបទាំង ១១១ករណី ដោយក្នុងនោះក៏មានអ្នកជាសះស្បើយចំនួន ០៧នាក់ផងដែរ។

គួរជម្រាបថា នៅចំពោះមុខ នៃការរាតត្បាតជំងឺដ៏កាចសាហាវនេះ អាជ្ញាធរមីយ៉ាន់ម៉ា បានដាក់ចេញនូវបំរាមគោចរពេលយប់ នៅតាមតំបន់មួយចំនួនផងដែរ ដូចជានៅរដ្ឋធានីណៃពិដោ (Nay Pyi Taw), ទីក្រុងរ៉ង់ហ្គូន (Yangon) និងទីក្រុងម៉ាន់ដាឡាយ (Mandalay) ជាដើម។ ជាមួយគ្នានេះ អាជ្ញាធរក៏បានណែនាំកុំឲ្យមានការប្រមូលផ្តុំមនុស្សលើសពី ០៥នាក់ឡើងទៅផងដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19៕