(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ៥៩៦ករណី ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ នាំឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៦,៥៨៨នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី ការបញ្ជាក់លម្អិតពីករណីឆ្លងថ្មីទាំងអស់ខាងលើ និងការធ្វើបច្ចុប្បន្នភាពបន្ថែម នឹងត្រូវបានធ្វើឡើងនៅក្នុងសេចក្ដីជូនដំណឹងមួយ នៅយប់ ថ្ងៃអាទិត្យនេះ។ សិង្ហបុរី ដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាប្រទេសគំរូ ក្នុងការទប់ស្កាត់ COVID-19 បានពើបប្រទះករណីឆ្លង COVID-19 យ៉ាងគំហុគ នារយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ បើទោះជាវិធានការរឹតត្បិតនៃ«គម្លាតសុវត្ថិភាព» កំពុងត្រូវបានអនុវត្តក៏ដោយ។ ជុំវិញ ការកើនឡើងករណីឆ្លងនេះដែរ អាជ្ញាធរសិង្ហបុរី យល់ថាដោយសារតែ ការឆ្លងជាចង្កោម មានជាប់ពាក់ព័ន្ធនឹងពលករបរទេស។

គួរជម្រាបថា បច្ចុប្បន្ន សិង្ហបុរីមានអ្នកស្លាប់ដោយសារ COVID-19 ១១នាក់ និងជាសះស្បើយ៧៤០នាក់៕