(ញូយ៉ក)៖ បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ សហរដ្ឋអាមេរិក មានអ្នកស្លាប់ ៣៩,០១៥នាក់ ដោយសារ COVID-19 ក្នុងចំណោមអ្នកឆ្លងសរុប ៧៣៨,៩១៣នាក់។ រដ្ឋទាំង៥០នៅក្នុងសហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លង COVID-19 ហើយក្នុងនោះរដ្ឋញូយ៉ក រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានអ្នកឆ្លង ២៤២,៥៧០ នាក់ និងស្លាប់ ១៧,៦២៧នាក់។
ជាវិធានការទប់ស្កាត់ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបន្តការអនុវត្តបទបញ្ជា «ស្ថិតនៅក្នុងផ្ទះ» រហូតដល់ថ្ងៃទី៤ ខែឧសភា។ ប៉ុន្តែពលរដ្ឋអាមេរិក នៅក្នុងទីក្រុងជាច្រើន នៃរដ្ឋដែលមានអត្រាឆ្លងទាប ដូចជានៅរដ្ឋ New Hampshire, Maryland, Minnesota Michigan និង Virginia បានសម្ដែងការ មិនចិត្តជាខ្លាំងចំពោះវិធានការនេះ ដោយយល់ថាវាប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ រហូតដល់នាំគ្នាធ្វើបាតុកម្មតវ៉ាទាមទារ ឱ្យមានការលុបចោល មុនកាលកំណត់។
លើសពីនេះទៅទៀត ពលរដ្ឋអាមេរិកមួយចំនួន ជាពិសេសគឺពលរដ្ឋស្បែកខ្មៅ ចាប់ផ្ដើមរិះគន់លើគ្រូពេទ្យ និងប្រព័ន្ធសុខាភិបាលអាមេរិក បន្ទាប់ពីសាច់ញាតិជាទីស្រឡាញ់ របស់ខ្លួនបាត់បង់ជីវិតដោយសារ COVID-19 បូកផ្សំនឹងការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យខ្លះ។ តួយ៉ាង ស្រ្តីអាមេរិកស្បែកខ្មៅម្នាក់បានរៀបរាប់ ពីទុក្ខសោក និងបរិហារពេទ្យអាមេរិក នៅមន្ទីរពេទ្យមួយនៃទីក្រុង ញូយ៉ក ដែលធ្វេសប្រហែស រហូតដល់ធ្វើឱ្យប្អូនស្រី របស់គាត់បាត់បង់ជីវិត។
ស្ត្រីរូបនេះបានរៀបរាប់លាយឡំទាំងការខឹងសម្បារ ក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមដូច្នេះថា៖
«ថ្ងៃនេះ, ខ្ញុំបានបាត់បង់ប្អូនស្រីរបស់ខ្ញុំដោយសារ វីរុសកូរ៉ូណា (COVID-19)។ ប៉ុន្តែ សូមឱ្យខ្ញុំប្រាប់អ្នកទាំងអស់គ្នា ថាវាកើតឡើងយ៉ាងដូចម្ដេច? ប្អូនស្រីរបស់ខ្ញុំបានទៅមន្ទីរពេទ្យ New York Presbyterian Hospital ក្នុងសង្កាត់ Manhattan។ ដំបូងឡើយ ពួកគេប្រាប់ថាគាត់មានជំងឺរលាកទងសួត មិនមែនឆ្លងវីរុសកូរ៉ូណានោះទេ។ គាត់បានត្រឡប់ទៅមន្ទីរពេទជាថ្មីម្ដងទៀត ហើយពួកគេបានប្រាប់គាត់ថា គាត់មានជំងឺរលាកសួត តែមិនមែនវីរុសកូរ៉ូណានោះឡើយ។ ពួកគេនៅតែមិនបានធ្វើតេស្ដ និងប្រាប់គាត់ថា គាត់មានជំងឺផ្ដាសាយធម្មតា មិនមែនវីរុសកូរ៉ូណាទេ។ រហូតដល់ប្អូនស្រីរបស់ខ្ញុំពាក់ឧបករណ៍ដកដង្ហើម (Ventilator) និងសន្លប់សន្ដឹង ទើបពួកគេសម្រេចចិត្តធ្វើតេស្ដគាត់ តែគាត់បានស្លាប់ទៅហើយ។
ហេតុអ្វីបានជាអ្នកមាន មនុស្សល្បី កីឡាករ និងតារាចម្រៀងរ៉េប អាចទទួលបានការធ្វើតេស្ដរកវីរុសកូរ៉ូណា ហើយពួកយើងដែលជាអ្នកធ្វើការ និងមិនមែនជាអ្នកមាន មិនមែនជាមនុស្សល្បី ហេតុអ្វីមិនអាចទទួលការធ្វើតេស្ដ? តើនេះមានន័យយ៉ាងមេច? ពណ៌សម្បុរស្បែករបស់ខ្ញុំមិនមែនជាបញ្ហាទេ តែជាបញ្ហាតែមួយគត់ កំឡុងការឆ្លងរាតត្បាតនៃជំងឺនេះ នោះគឺស្ថិតនៅលើ «លុយ»។ មូលហេតុដែលពួកយើង ស្លាប់នៅក្នុងទីក្រុងញូយ៉ក ពីព្រោះពួកគេមិនបានធ្វើដូចអ្វីដែលពួកគេ បាននិយាយតាមកញ្ចក់ទូរទស្សន៍។ ពួកគេកុហកអ្នកគ្រប់គ្នា។ ពួកគេកុហកប្រទេសនេះ។
ពួកគេកុហកពិភពលោកនេះទាំងមូល។ ពួកគេគេមិនបានធ្វើគ្រប់គ្រាន់ សម្រាប់ជំងឺឆ្លងរាតត្បាតនេះទេ។ វាដូចជាពួកគេចង់ឱ្យវាឆ្លងរាលដាល។ តើនេះជាឋានរកអ្វី? ខ្ញុំបានហៅទូរស័ព្ទទៅកាន់ New York City Health & Hospitals តែទទួលបានមក វិញនូវចម្លើយតបតែមួយគត់ ពីពួកគេ នោះគឺយើងមិនមានការធ្វើតេស្ដរកវីរុសកូរ៉ូណានោះទេ នៅពេលដែលពួកអ្នកឃើញមនុស្សកំពុងស្លាប់»៕