(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិករាប់រយនាក់ បានប្រមូលគ្នាធ្វើបាតុកម្មតវ៉ា នៅក្នុងទីក្រុងជាច្រើន របស់សហរដ្ឋអាមេរិក ដើម្បីបង្ហាញការប្រឆាំងជំទាស់នឹង «បទបញ្ជាស្ថិត នៅក្នុងផ្ទះ» ទប់ស្កាត់ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០។
ប្រជាជនអាមេរិកមួយចំនួន នៅតាមបណ្ដារដ្ឋមានអត្រាឆ្លង COVID-19 ទាប បានបង្ហាញការមិនពេញចិត្តកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំពោះវិធានការ ស្ថិតនៅក្នុងផ្ទះ ដែលពួកគេយល់ថា ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ជាក់ស្ដែង កាលពីថ្ងៃសៅរ៍ ម្សិលមិញ មនុស្សជាង ៤០០នាក់ បានប្រមូលផ្ដុំគ្នាក្នុងទីក្រុង Concord រដ្ឋ New Hampshire ខណៈមនុស្សជាង២០០នាក់ នៅទីក្រុង Annapolis នៃរដ្ឋ Maryland និងច្រើនជាង២៥០នាក់ផ្សេងទៀត ក្នុងទីក្រុង Austin នៃរដ្ឋ Texas បានប្រមូលផ្ដុំគ្នា ដើម្បីតវ៉ាប្រឆាំងនឹងវិធានការនេះ។
គោលបំណងរួមនៃបាតុកម្មតវ៉ាខាងលើ គឺទាមទារឱ្យ «បទបញ្ជាស្ថិតនៅក្នុងផ្ទះ» ត្រូវបញ្ចប់មុនពេលកំណត់់ ពោលគឺមុនថ្ងៃទី៤ ខែឧសភា។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ នៅក្នុង បាតុកម្មតវ៉ានៅក្នុងទីក្រុង Austin គេសង្កេតឃើញបាតុករខ្លះ បានស្រែកទាមទារឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បណ្ដេញ លោក Anthony Fauci ដែលជា អ្នកដឹកនាំអង្គភាពប្រឆាំង COVID-19 នៃសេតវិមាន និងជាអ្នកគាំទ្រការពន្យារពេល «វិធានការគម្លាតសង្គម ក៏ដូចជាវិធានការស្ថិតនៅក្នុងផ្ទះ» ចេញពីតំណែងទៀតផង។
គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 សរុប ៧៣៨,៩១៣នាក់ ក្នុងនោះស្លាប់ ៣៩,០១៥នាក់ និងជាសះស្បើយ ៦៨,២៨៥នាក់៕