(ប៉េកាំង)៖ គណៈកម្មាការជាតិសុខាភិបាលចិន នៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញ COVID-19 ១៦ករណីថ្មី កាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលនេះជាតួលេខអ្នកឆ្លង ទាបបំផុតចាប់តាំងពីថ្ងៃទី១៧ ខែមីនា និងធ្លាក់ចុះ បើធៀបទៅនឹងកាលពីថ្ងៃសុក្រ មាន២៧ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០។
បើតាមទិន្នន័យចេញផ្សាយនៅថ្ងៃអាទិត្យនេះ ដោយគណៈកម្មាការជាតិសុខាភិបាលចិន ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មាន៩ ជាករណីនាំចូល ដែលជាតួលេខទាបបំផុត ចាប់តាំងពីថ្ងៃទី១៣ ខែមីនាមក និងធ្លាក់ចុះ បើធៀបទៅនឹងថ្ងៃសុក្រកន្លងទៅ មាន១៧ករណីនាំចូល។ ចំណែកឯ ៧ករណី ដែលនៅសល់គឺជាករណីឆ្លងនៅក្នុងស្រុក តែវានៅតែជាតួលេខធ្លាក់ចុះ បើធៀបទៅនឹងមួយថ្ងៃមុន មាន១០ករណី។
គួរជម្រាបថា ករណីអ្នកឆ្លងថ្មី មិនចេញរោគសញ្ញាចំនួន ៤៤នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ក្នុងនោះមាន៣ ជាករណីនាំចូល។ រីឯ អ្នកស្លាប់ថ្មីពុំត្រូវបានរាយការណ៍នោះ ទេ។ គិតត្រឹមថ្ងៃទី១៨ ខែមេសា ចិនមានអ្នកឆ្លង COVID-19 ៨២,៧៣៥នាក់ ខណៈអ្នកឆ្លងសរុបហក់ឡើងដល់ ៤,៦៣២នាក់ និងជាសះស្បើយ ៧៧,០៦២នាក់៕